អនុព័ន្ធយោធាឡាវ អរគុណចំពោះថ្នាក់ដឹកនាំនៃកងយោធ ពលខេមរភូមិន្ទ ដែលបានចូលរួមកិច្ចសហការជិតស្និទ្ធនៅគ្រប់សកម្មភាព ធ្វើឱ្យបេសកកម្មទូតនៅកម្ពុជាទទួលបានជោគជ័យ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ០៨ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា នាយការិយា ល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសំដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ លោកវរសេនីយ៍ ឯក វីឡៃសន ស៊ីស៊ុមបាត់ នាយការិយាល័យអនុព័ន្ធយោធាឡាវ ដែលទើបតែងតាំងថ្មី ក៏បានចូលជួបសំដែងការគួរសមផងដែរ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។

   ក្នុងកិច្ចសន្ទនានោះ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានសំដែងការអរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមការងារចូលជួបសំដែងការគួរសម និងជម្រាបលានាឱកាសនេះ។

លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានលើកឡើងថា ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ លោកមានការចាប់អារម្មណ៍ និង វាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកវរសេនីយ៍ឯក អនុព័ន្ធយោធាឡាវ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមកិច្ចសហការជិតស្និទ្ធនៅគ្រប់សកម្មភាព ធ្វើឱ្យបេសកកម្មទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធា របស់លោកវរសេនីយ៍ ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា និងបានស្វាគមន៍ចំពោះលោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលទើបទទួលបានការតែងតាំងថ្មី ជានាយការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យ ឈានទៅគ្រប់គ្រងបានការឆ្លងរីករាលដាលក្នុងសហគមន៍ និងកំពុងបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រពៃណី ដែលប្រទេសទាំងពីរធ្លាប់មានតាំងពីយូរលង់មក ហើយបច្ចុប្បន្នក៏នៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។ 

ដោយឡែកលើវិស័យយោធា នាយឧត្តមសេនីយ៍ អគ្គបញ្ជាការ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រទេសទាំងពីរ តាមរយៈការចុះអនុស្សរណៈយោគយល់ ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជាដើម។ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩កន្លងទៅ និងមានជំនឿថា តាមរយៈនាយការិយាល័យអនុព័ន្ធយោធាថ្មី កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត៕IMG_20220815_141940_378IMG_20220815_141944_225

Comments

Related posts