ការដាក់ឱ្យសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ នឹងផ្តល់ភាពងាយ ស្រួលជាងមុន ចំណេញពេល វេលា មានប្រសិទ្ធភាព និងតម្លាភាព

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ០៨ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានឱ្យដឹងថា ការដាក់ឱ្យសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ នឹងផ្តល់ភាពងាយស្រួលជាងមុន ចំណេញពេលវេលា មាន ប្រសិទ្ធភាព និងតម្លាភាព ក្នុងការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅព្រះរាជាណា ចក្រកម្ពុជា ។

   អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ ...

   ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួត ពិនិត្យនាវាចរណ៍ចូលចេញនៅកម្ពុជា ដោយប្តូរពីការធ្វើ ការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ដែលជួយសម្រួលដល់នីតិវិធីចូលចេញកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅដល់ការគ្រប់ គ្រងសេវាដឹកជញ្ជូនតាមផ្លូវ ទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរថែមទៀតផងដែរ។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ប្រព័ន្ធនេះ នឹងបង្កើនការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ឱ្យស្របតាមកំពង់ផែទាំងឡាយនៅក្នុងតំបន់ និងសាកល លោក ដែលអាចទាក់ទាញ ឱ្យនាវានានាចូលចេញបានច្រើន ដែលនឹងជួយជំរុញដល់ការ លូតលាស់សេដ្ឋកិច្ចជាតិបានកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនោះទៀត ការរៀបចំឱ្យមានប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) នេះ នឹងផ្តល់ផលល្អសម្រាប់ក្រុមហ៊ុនឯកជននានា តាមរយៈការចំណេញពេល វេលា កាត់បន្ថយចំណាយក្រៅផ្លូវការ មានសុវត្ថិភាព និងភាពជឿជាក់បាន កាន់តែប្រសើរឡើង និងស្របតាមស្តង់ដារប្រតិបត្តិអន្តរជាតិ នៃដំណើរការកំពង់ផែ។ 

សំឡេង « សូមជម្រាបថា ពីដើមពេលនាវាចេញចូលនៅកម្ពុជា យើងគឺការស្នើសុំចេញ ចូលធ្វើដោយក្រដាសទាំង អស់ ប្រើពេលវេលាយូរ អ៊ីចឹងដោយមានជំនួយពីJICAនេះយើងធ្វើប្រព័ន្ធផ្លាស់ប្តូរទិន្ន ន័យ តាមប្រព័ន្ធអេឡិចត្រូនិកកំពង់ផែ។ ដូច្នេះមុននាវាមក ដល់គាត់បំពេញបែបបទតាមប្រព័ន្ធអនឡាញយើង អ៊ីចឹងមន្ត្រីមានសមត្ថកិច្ច អាចពិនិត្យឯកសារទាំងអស់ធ្វើកិច្ចការ ហើយគាត់មកដល់គាត់ចូលចតបាន។ ពីដើមនៅអង្គុយចាំ កាប៉ាល់ចតចោលសិនទៅមិនទាន់បានចូលកំពង់ផែដោយព័ត៌មានមិនទាន់មកដល់ ខាតពេលវេលា អ៊ីចឹងយើងចង់ឱ្យនាវាចូលមកភ្លាមអាចដាក់ទំនិញចេញ ដាក់ទំនិញចូល ហើយអ៊ីទៅវិញតាមបែបបទប្រព័ន្ធអេឡិចត្រូនិករបស់យើងសំខាន់ណាស់ ធ្វើបានលឿន មានតម្លាភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយច្រើន ហើយការបង់គឺបង់តាមអនឡាញទាំងអស់អ៊ីចឹងអត់មានការពិបាកដែលទៅដល់ធនាគារអីទេ គឺបង់តាមអនឡាញនិងដោះសា្រយបានភ្លាមៗតែម្តង »។

ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែ អេឡិចត្រូនិក (Port EDI) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យជាមួយ ប្រព័ន្ធបញ្ជរតែមួយជាតិ (CNSW) ក្រុមហ៊ុននាវា និងភ្នាក់ងារនាវាបានរួចរាល់ នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ហើយនៅថ្ងៃអនាគត ក្រសួងសាធារណការ និងដឹកជញ្ជូន អាចនឹងពង្រីក វិសាលភាពរបស់ប្រព័ន្ធ Port EDI ដោយដាក់បញ្ចូលកំពង់ផែផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា និងអាចនឹងពិនិត្យលទ្ធភាពសហការជាមួយក្រសួងស្ថាប័នផ្សេងទៀត ដើម្បីតភ្ជាប់ផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក បង្កភាពងាយស្រួលបន្ថែមដល់ធុរជន ដែលនឹងបង្កើនប្រសិទ្ធភាពនៃការធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដែលក្នុងនោះរួមមាន ការទទួល ខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈផងដែរ។ 

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំពង្រីកសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះនាពេលអនាគត៕IMG_20220817_113858_825IMG_20220817_143950_752IMG_20220817_113931_443

Comments

Related posts