សំណង់ខុសច្បាប់នៅតំបន់ឧទ្យានអង្គរ ផ្តល់ផលប៉ះពាល់ដោយផ្ទាល់លើតម្លៃដើមរបស់អង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

 

MC.អាជ្ញាធរជាតិអប្សរាលើក ឡើងថា ការរីករាលដាលនៃសំណង់ខុសច្បាប់ នៅក្នុងតំបន់ឧទ្យានអង្គរ ផ្តល់ផលប៉ះពាល់ដោយផ្ទាល់លើតម្លៃដើមរបស់អង្គរ។

    ឯកឧត្តមបណ្ឌិតហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមការក្បាលដី និងអត្ត សញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះថា តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត បុរាណវត្ថុវិទ្យា និងវប្បធម៌អង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិក ភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល និងសេចក្តីអំពាវនាវរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ។

  ឯកឧត្តមបន្តថា ជាក្រឹត្យក្រមនៃអនុសញ្ញាឆ្នាំ១៩៧២ ការ ចុះបញ្ជីជាបេតិកភណ្ឌពិភព លោក តម្រូវឱ្យគ្រប់ប្រទេសជាម្ចាស់បេតិកភណ្ឌ កំណត់តំបន់ការពារ។ សម្រាប់អង្គរ ការកំណត់តំបន់ការពារ គឺធ្វើ ឡើងក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ និងរួចរាល់បានជានិយាមការដាក់ចូលក្នុងព្រះរាជក្រឹត្យឆ្នាំ១៩៩៤។ ឯកឧត្តមបន្តថា ការកំណត់តំបន់ការពារ ត្រូវបានសម្រេចដោយផ្អែកលើប្រវត្តិសាស្រ្តអង្គរ សក្តានុពលដ៏ធំធេងនៃប្រាង្គប្រាសាទ និងបុរាណវិទ្យាក្រោមដី ព្រមទាំងការគិតគូរដល់ផលប៉ះពាល់ និងការបង្រួមតំបន់ការពារឱ្យតូចតាមលទ្ធភាពធ្វើទៅបានរួចទៅហើយនាពេលនោះ។ ក្នុងដំណាក់កាលនៃការកំណត់ទំហំនៃតំបន់ការពារនេះ ចំនួនប្រជាជនប្រមូលផ្តុំភាគច្រើន រស់នៅតែតាមភូមិមួយចំនួន ក្នុងតំបន់ជាប់ប្រាសាទនានាដូចជា អង្គរក្រៅ ស្រះស្រង់ ក្រវ៉ាន់ និងភូមិមួយចំនួនទៀត ដែលនៅឆ្ងាយពីប្រាសាទ មួយចំនួនក្នុងស្រុកពួក និងបាគង ជាដើម ដែលយើងតែងចាត់ទុកថា អ្នកស្រុកអង្គរ។ ស្ថានភាពនៃតំបន់ការពារភាគច្រើនបំផុត នាពេលនោះ គឺជាគុម្ពោតព្រៃ ព្រៃល្បោះ វាលស្រែ និងចម្ការ។

  ឯកឧត្តមបន្តថា ដោយសារសន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្ល៉េះ។ ទោះបីជាមានទិន្នន័យជាគោល ព្រមទាំងយន្តការអមផ្សេងៗសម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ ក៏មានសំណង់ខុសច្បាប់ នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។អគ្គនាយកអាជ្ញាធរជាតិអប្សរាបន្តថា កត្តាចំបងៗនៃការកើនឡើងនេះ គឺភាគច្រើនដោយសារកំណើន ប្រជាជន ការរីកចម្រើនខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍របស់ក្រុងសៀមរាប ចំណាកស្រុក និងការរីករាលដាលនៃក្រុងសៀមរាបចូលក្នុងតំបន់ការពារ រួមទាំងកង្វះខាតនៃការគ្រប់គ្រងផងដែរ ដែលធ្វើឱ្យសំណង់ខុសច្បាប់ ផ្តល់ផលប៉ះពាល់ដោយផ្ទាល់លើតម្លៃដើមរបស់អង្គរ។

សំឡេង៖សំណង់ខុសច្បាប់ ផ្តល់ផលប៉ះពាល់ដោយផ្ទាល់លើតម្លៃដើមរបស់អង្គរ។ ជានីតិវិធី មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នឹងបញ្ជូនអ្នកជំនាញការ ICOMOS មកពិនិត្យវាយតម្លៃឡើងវិញ ហើយបញ្ជូនយោបល់ជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យសម្រេចថា តើត្រូវដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌប្រឈមហានិភ័យ ឬត្រូវដកចេញ។ ចាប់ពីឆ្នាំ២០១៧មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបក ស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។

 យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថាចាប់តាំងពីអំឡុងឆ្នាំ២០១៩ រហូតមកដល់ខែសីហាឆ្នាំ ២០២២នេះ មានសំណង់ខុសច្បាប់ចំនួនជាង៨៤៤០ ករណី បានសាងសង់ដោយបំពាននៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ ដែលជាតំបន់ការពារសម្បត្តិបេតិកភណ្ឌ ហើយក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀម រាប បានចេញលិខិតជូន ដំណឹងមួយស្នើឱ្យ អាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង៣៩០ករណី បានកើនឡើងថែមទៀត៕​​IMG_20220817_152929_794IMG_20220817_152928_838IMG_20220817_152925_035IMG_20220817_152518_646IMG_20220817_152529_764IMG_20220817_152527_864IMG_20220817_152522_228

Comments

Related posts