សម្ដេចក្រឡាហោម ណែនាំឱ្យបង្កើនការអប់រំច្បាប់និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា 

 

ភ្នំពេញ÷សម្ដេចក្រឡាហោម ណែនាំឱ្យបង្កើនការអប់រំច្បាប់និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។

   ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ ២០២២ នៅក្រសួង សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានជំរុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្កើនការអប់រំអំពីច្បាប់និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានជ្រួតជ្រាបទូលំទូលាយ និងផ្ដោតឱ្យចំក្រុមគោលដៅ ពង្រឹងគុណ ភាពសាលាបង្រៀនបើកបរយានយន្តដោយពិនិត្យលើការលើកកម្ពស់សមត្ថភាពគ្រូ កំណែទម្រង់កម្មវិធីសិក្សា និងកែទម្រង់គុណភាពនៃការប្រឡងយកបណ្ណបើកបរ។ 

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៦ខែដើមឆ្នាំ២០២២នេះ បានតម្រូវឱ្យមានការត្រួតពិនិត្យឡើងវិញនូវចំណុចអវិជ្ជមានទាំងឡាយ ដើម្បីដកពិសោធយកមកដោះស្រាយបញ្ហាប្រឈម ក្នុងនោះដូចជាមូលហេតុនៃគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់ និងការមិនពាក់មួកសុវត្ថិភាពជាដើម។ 

សម្ដេចបន្ថែមថា«យើងប្រមូលផ្ដុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។ យើងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋទូទៅវាជាការចាំបាច់ហើយ ប៉ុន្តែយោបល់ខ្ញុំ គឺថាអ្នកដែលពាក់ព័ន្ធផ្ទាល់តែម្ដង ត្រូវត្រួតពិនិត្យ អប់រំ និងអនុវត្តវិន័យ និងច្បាប់ឱ្យតឹងរ៉ឹង»។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា បន្ទាប់ពីស្ថានភាពកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩លើក ស្លាប់៥នាក់ និងរបួស១០នាក់។ 

សម្ដេចបន្តថា ស្ថានភាពនេះ ដោយសារតែកំណើននៃការធ្វើចរាចរណ៍តាមដងផ្លូវ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច និងសង្គមមានដំណើរការឡើងវិញកាន់តែច្រើន។ 

សម្ដេចបានបន្តថា បើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាពចរាចរណ៍ជាសកលឃើញថារយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ចំនួន៤ពាន់៧២០នាក់ ស្មើ៦៤ភាគរយនៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថានៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

សម្ដេចក៏បានណែនាំបន្តគាំទ្រការបំពាក់កាមេរ៉ាអចល័តតាមដងផ្លូវជាតិ និងរិះរកវិធីកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់ផងដែរ។

លោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប១ពាន់៦០៩លើក ក្នុងនោះកើតឡើងពេលយប់មានដល់ទៅ៥៧ភាគរយ និងក្នុងចំណោមជនរងគ្រោះសរុប មានស្លាប់៩៤២នាក់ស្មើនឹង៣០ភាគរយនៃជនរងគ្រោះ អ្នករងរបួសសរុបមានជាង២ពាន់២០០នាក់ ក្នុងនោះរបួសធ្ងន់ជាង១ពាន់នាក់ ខណៈមូលហេតុនៃគ្រោះថ្នាក់រួមមានល្មើសល្បឿន៣៨ភាគរយ បើកបរមិនគោរពសិទ្ធិអាទិភាព២៤ភាគរយ មិនប្រកាន់ស្ដាំ១១ភាគរយ ជែង១១ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់១១ភាគរយ ស្រវឹង៣ភាគរយ យានយន្ត២ភាគរយ និងងងុយគេង១ភាគរយ។

ជាការកត់សម្គាល់ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២នាក់នោះ មានអ្នកជិះម៉ូតូ៨១ភាគរយ ស្មើនឹង៧៥៩នាក់ ខណៈអ្នកមិនពាក់មួកសុវត្ថិភាពវិញមាន៥៥៨នាក់ស្មើនឹង៧៤ភាគរយ។ លោកជំទាវឱ្យដឹងថាគ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើននោះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ខណៈក្នុងឆមាសទី១ឆ្នាំ២០២២ បើធៀបនឹង១ឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៣៤៨លើកស្មើ២៨ភាគរយ អ្នកស្លាប់កើន២៣៣នាក់ ស្មើ៣៣ភាគរយ និងរបួសកើន៤៤៣នាក់ស្មើ២៥ភាគរយ៕FB_IMG_1660811652824FB_IMG_1660811657949FB_IMG_1660811664335FB_IMG_1660811664335FB_IMG_1660811639392

Comments

Related posts