ពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្សាសាលាបណ្តុះ បណ្តាលក្របខណ្ឌវប្បធម៌មានរៀបចំពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន។


   លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលតែង​បានគាំទ្រជាប់ជានិច្ចដល់កិច្ចសហការរវាងសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងបេសកកម្មចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួង វប្បធម៌និងវិចិត្រសិល្បៈ​នៅក្នុងការរៀបចំវេទិកាវិទ្យាសាស្រ្តចំហ សន្និសីទ និងសិក្ខាសាលានានាទាក់ទងនឹងចំណងមេត្រីភាពរវាងវប្បធម៌នៃប្រជាជាតិកម្ពុជានិងចិន ហើយថ្ងៃនេះជាសក្ខីភាពនៃសកម្មភាពដែលសមាគមអ្នកស្រាវជ្រាវវឌ្ឍន​ភាពកម្ពុជា-ចិន​បានសហការក្នុងការបង្កើនពុទ្ធិនិងបទពិសោធន៍ស្តីពីពិធីបុណ្យសែនព្រះខែ។

ជាមួយគ្នាផងដែរ លោកក៏បានបន្តលើក ទឹកចិត្តដល់សមាគមក្នុងកិច្ចទំនាក់ទំនងជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការសម្របសម្រួលដល់មន្ត្រីដែលបម្រើការងារនៅសាលាបណ្តុះបណ្តាលក្របខណ្​ឌវប្បធម៌ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសចិន។


ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ៤០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃសមិទ្ធផលការងាររបស់សាលាបណ្តុះ បណ្តាលក្របខណ្ឌវប្បធម៌ ហើយលោកបណ្ឌិតនឹងបន្តគោរពតាមការណែនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ក្នុងការផ្តល់ឱកាសដល់សមាគម​អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានចូលរួមនៅក្នុងចរន្តនៃការរីកចម្រើនរបស់សាលាបណ្តុះ បណ្តាលក្របខណ្ឌវប្បធម៌។

ដោយឡែក ទាក់ទងនឹងប្រធានបទនារសៀលនេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា ពិធីបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន មានអាយុកាលប្រមាណជិត៥០០០ឆ្នាំនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយពិធីនេះ​ជាពិធីធំលំដាប់ទី២បន្ទាប់ ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន។ ពិធីបុណ្យសែនព្រះខែបានបញ្ជាក់ពីគោល បំណងសំខាន់នៃជំនួបរវាងសមាជិកគ្រួសារនិងសាច់ ញាតិរួមទាំងមិត្តភក្តិផងដែរ។ លើសពីនេះ ពិធីនេះក៏បានរំលេចពីសុខដុមនីយកម្មនៅក្នុងសង្គមចិនដែលគ្របដណ្តប់ដោយពហុជំនឿនិងពហុសាសនា។

នៅក្នុងបទបង្ហាញនាថ្ងៃនេះ លោកបណ្ឌិតក៏បានលាតត្រដាងនូវទំនាក់ទំនងរវាងប្រជាជាតិកម្ពុជានិងចិននៅក្នុងការប្រារព្ធពិធីបុណ្យសែនព្រះខែ ដោយផ្សារភ្ជាប់នឹងសាសនាសំខាន់ចំនួន៣ (សាសនាព្រះពុទ្ធ សាសនាតាវ និង សាសនាខុងជឺ) និងទស្សនវិទូសំខាន់ចំនួន៥ (ព្រះពុទ្ធ ឡៅជឺ ខុងជឺ ស៊ុនជឺ និង ហានហ្វៃជឺ)។


 កញ្ញា នឿង សុខា ដែលជាសិក្ខាកាមន្ត្រីរាជការដែលបានចូលរួមនៅក្នុងបទបាឋកថានេះ បានយល់ដឹងកាន់តែស៊ីជម្រៅពីវប្បធម៌របស់ប្រទេសចិនដែលកំពុងជះឥទ្ធិពលដល់សង្គមនិយមតាមបែបផែនចិន និងតាមរយៈពិធីសែន​ព្រះខែប្រពៃណីជនជាតិចិនបានរួមចំណែកដល់យន្តការពហុភាគីក្នុងចរន្តពហុជំនឿនិងពហុសាសនាដើម្បីទទួលយកនូវគំរូភាពនៃសុខដុមនីយកម្មរបស់ប្រជាជាតិចិនក្នុងការចងភ្ជាប់បេះដូងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕

photo_2022-09-05_15-49-08 (4)

photo_2022-09-05_15-48-47

photo_2022-09-05_15-49-06

photo_2022-09-05_15-48-45 (2)

photo_2022-09-05_15-49-05 (2)

photo_2022-09-05_16-36-52

photo_2022-09-05_15-49-05

Comments

Related posts