ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងនាំគ្នាចូលរួមលើកស្ទួយវិស័យសាសនា
វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង
ស្ទឹងត្រែង៖ ប្រជាពលរដ្ឋជាង៣៤ពាន់គ្រួសារ នៅខេត្តស្ទឹងត្រែង កាន់តែមានជំនឿថា ទីអារាមបានផ្តល់នូវសេចក្តីសុខចម្រើនក្នុងការរស់នៅ ទើបបាននាំគ្នាធ្វើបុណ្យតាមប្រពៃណីគ្រប់ៗគ្នា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្នុងពេលដែលផ្នែកព្រះពុទ្ធសាសនាកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនឡើង។
នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្តាវត្តទាំង៩២នៅខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋជាង៣៤ពាន់គ្រួសារបានជ្រះថ្លានាំគ្នាបំពេញកុសលរៀងៗខ្លួន ។លោកស្រី ចាន់ណារ៉ាត់ ប្រជាពលរដ្ឋរស់នៅចំណុចគីឡូ៨ភូមិរាជានុកូលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋជាពិសេសយុវវ័យយើងបានគោរពប្រតិបត្តិតាមការប្រៀនប្រដៅរបស់ឪពុកម្តាយចេះធ្វើបុណ្យ ដាក់ទានសាងកុសលល្អដើម្បីជាតិមុខជាតិក្រោយឱ្យមានភាពរុងរឿងថ្កុំថ្កើងថែមទៀត។
លោកស្រីថា៖ នៅថ្ងៃភ្ជុំទី ១៥រោច ខែភទ្របទត្រូវនឹងថ្ងៃទី២៥ខែកញ្ញា សង្កេត ឃើញប្រជាពលរដ្ឋយើងក្មេងចាស់ប្រុសស្រីបាននាំគ្នាមកវត្ត នាំកូនចៅមកលេងកម្សាន្តផងនិងបានធ្វើបុណ្យទានផងដើម្បីផ្សងសុំសេចក្តីសុខសប្បាយតរៀងទៅ។
លោកម៉ូ សាមឿន តំណាងឱ្យ គណកម្មការវត្តពោធិញាន ហៅវត្តព្រះអង្គធំ នៅក្នុងក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ សកម្មភាពទាំងនេះពិតជាបានលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិខ្មែរយើង ព្រោះនៅតាមបណ្តាវត្តនីមួយៗមានប្រជាពលរដ្ឋមកច្រើនកុះករតែនៅវត្តទីជនបទ ក៏មានភាពខ្សត់ខ្សោយខ្លះដែរ។
លោកបន្តថា៖នេះអាចនិយាយបានថា បងប្អូនយើងមានជីវភាពមិនស្មើគ្នា តែនៅតែបាននាំគ្នាស្រឡាញ់ប្រពៃណីសាសនា ពេលរដូវ ធ្វើបុណ្យ ទាន ដូចជាបុណ្យភ្ជុំ-បុណ្យចេញព្រះវស្សា- បុណ្យកឋិនទាន -បុណ្យមាឃបូជា -ពិសាខបូជា- ជាដើមសង្កេត ឃើញប្រជាពលរដ្ឋទាំងចាស់ ក្មេង ប្រុសស្រី មកចូលបុណ្យបានច្រើន ។
ព្រះតេជគុណសៅសុផានីចៅអធិការវត្តបាចុងក្រុងស្ទឹងត្រែងមានពុទ្ធដីកាថា៖នៅគ្រប់បណ្តាវត្តនៅខេត្តស្ទឹងត្រែងគឺអំណោយផលល្អសំរាប់ពុទ្ធបរិស័ទជិតឆ្ងាយមកធ្វើបុណ្យដាក់ទាន ដើម្បីជម្រះភាពសៅហ្មងក្នុងចិត្ត ហើយគោរពប្រតិបត្តិនូវសេចក្តីល្អជំនួសវិញ ដែលមានប្រយោជន៍ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនឡើង។
ព្រះតេជគុណមានពុទ្ធដីកាសាទរបានឃើញប្អូនៗយុវវ័យយើងមានសាមគ្គីភាពគ្នាល្អចេះគោរពឪពុកម្តាយ ស្កាប់ការទូន្មានប្រៀនប្រដៅពីព្រះសង្ឃ គោរពច្បាប់ សង្គម ហើយព្រះសង្ឃ ក៏ខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗ ដែលបម្រើឱ្យវិស័យសាសនា ដើម្បីឱ្យដើរស្របទន្ទឹមគ្នា ជាមួយរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ធ្វើផ្លូវ- ស្ពាន- សាលារៀន- មន្ទីរពេទ្យ- វត្តអារាម ជំរុញឱ្យប្រទេស ជាតិយើងកាន់តែមានការអភិវឌ្ឍជឿនលឿន ។
សូមបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែងបច្ចុប្បន្នមានវត្តចំនួន៩២វត្ត ព្រះសង្ឍចំនួន៤៦៦កំពុងដឹកនាំសាសនា ឈានទៅរកភាពថ្កុំថ្កើងរុងរឿងនៅសម័យតេជោនេះ ៕
Comments