មន្ត្រីជំនាញ បានចុះណែនាំប្រជាពលរដ្ឋកុំឱ្យកាត់របងដែកលួសបន្លាសុវត្ថិភាព ដើម្បីចេញ-ចូលទៅលើផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០៩ ២០២២

 

ភ្នំពេញ ៖ មន្ត្រីជំនាញ បានចុះណែនាំប្រជាពលរដ្ឋកុំឱ្យកាត់របងដែកលួសបន្លាដើម្បីចេញ-ចូលទៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងគោលបំណងធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម ដែលរបងសុវត្ថិភាពនោះ ត្រូវបានសង់ឡើងដើម្បីការពារកុំឱ្យមានមនុស្សក៏ដូចជាសត្វពាហនៈឆ្លងកាត់ ចៀសវាងការបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នៅលើផ្លូវល្បឿនលឿន។

 ការចុះត្រួតពិនិត្យ និងណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្ម ភាពកាត់របងបន្លាលួស តាម ផ្លូវល្បឿនលឿននេះដែរ ត្រូវបានដឹកនាំដោយ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិ ការក្រសួងសាធារណការ រួមដំណើរដោយមន្ដ្រីបច្ចេកទេសក្រសួង អ្នកតំណាងក្រុមហ៊ុនសាងសង់ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា។ ឯកឧត្តម និងក្រុមការងារ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានកាត់របងសុវត្ថិភាពនោះថា ការធ្វើបែបនេះគឺវាបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដែលប្រើប្រាស់ផ្លូវនេះ ហើយសកម្មភាពទាំងអស់នេះក៏ល្មើសនឹងច្បាប់ផងដែរ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បាននាំគ្នាលើកឡើងថា៖ ពួកគាត់មិនជំទាស់ទេ ចំពោះការធ្វើរបងសុវត្ថិភាពនេះ ព្រោះជាគោលការណ៍រាជរដ្ឋាភិបាល និងក្រុមហ៊ុនផ្លូវល្បឿនលឿន ក្នុងការរក្សាសុវត្ថិភាពជូនអ្នកបើកបរ និងប្រជាជនតាមដងផ្លូវ តែពួកគាត់សូមសំណូមពរឱ្យជួយសម្រួលផ្លូវសម្រាប់ពួកគាត់ចេញចូលអាស្រ័យផលជាប្រចាំថ្ងៃផង ពីព្រោះពួកគាត់រស់នៅភូមិនេះជាច្រើនឆ្នាំមកហើយ។ នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ក្រសួង និងក្រុមហ៊ុន បានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ផងដែរ។

ក្នុងការរក្សាសណ្ដាប់ធ្នាប់ផ្លូវនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយណែនាំដល់អាជ្ញាធរដែនដី ដើម្បីជួយចុះប្រាប់ដល់ប្រជាពលរដ្ឋតាមតំបន់កុំឱ្យមានការកាត់របងដែលធ្វើឱ្យសត្វគោឆ្លងកាត់ ក៏ដូចជាបានផលិតវីដេអូអប់រំណែនាំ អំពីរបៀបប្រើប្រាស់ផ្លូវល្បឿនលឿនដល់អ្នកបើកបរ និងការដាក់នគរបាលចំនួន ១៨នាក់ សម្រាប់ការល្បាត ២៤ម៉ោង លើផ្លូវល្បឿនលឿននោះផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូង បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានលេចចេញជារូបរាងឡើង និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ៕IMG_20220928_172017_317IMG_20220928_172000_378IMG_20220928_171958_522IMG_20220928_171956_479

Comments

Related posts