វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២
MC.កសិករមួយរូបរស់នៅក្នុងខេត្តសៀមរាប ចែករំលែកពីបច្ចេកទេស ក្នុងការចិញ្ចឹម ថែទាំកូនមាន់ទើបនឹងញាស់ ឱ្យមានសុខភាពល្អ ចិញ្ចឹមធំធាត់លឿន មានសុខភាពល្អ និងចៀសពីជំងឺ។
លោកឈឿម វ៉យ កសិកររស់នៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកបានចាប់យកមុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ រយៈពេលជាង៦ឆ្នាំមកហើយ ដោយដើមឡើយ ទទួលបានការជួយជ្រោមជ្រែងជាសម្ភារៈ ថវិកាពីគម្រោងបឹងទន្លេសាប និងមន្ទីរកសិកម្មខេត្តជួយជាបច្ចេកទេសក្នុងការចិញ្ចឹម ក្រោយៗមកក៏មានគម្រោងអង្គការដៃគូនានា ចុះមកជួយជាបន្តបន្ទាប់។
លោកបន្តថា មុខរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ មានភាពងាយស្រួល ឆាប់ទទួលបានផលចំណេញមកវិញ ជាងការចិញ្ចឹមមាន់សាច់ ដោយបច្ចុប្បន្នលោកមានមាន់ជាមេបា ចំនួន៧០០ក្បាល ក្នុងមួយថ្ងៃ អាចផ្តល់ស៊ុត បានចាប់ពីរ២២០ទៅ ២៥០ គ្រាប់ សម្រាប់ភ្ញាស់យកកូនលក់។
លោកបន្តថា ក្នុងមួយខែលោកអាចលក់ចេញកូនមាន់ ចាប់ពី២៥០០កូនទៅ៣៥០០កូន ទៅកាន់អតិថិជន ទាំងនៅក្នុងនិងក្រៅខេត្ត ដោយកូនមាន់មួយក្បាលមានតម្លៃចាប់ពី៥០០០រៀលឡើងទៅ។ ហើយអតិថិជនទាំងអស់មានការជឿជាក់ លើកូនមាន់ដែលបានទិញពីកសិដ្ឋានលោក ពីព្រោះលោកមានបច្ចេកទេស និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការថែទាំកូនមាន់ទាំងនោះ មុននឹងលក់ចេញទៅកាន់ទីផ្សារ។
កសិករចិញ្ចឹមមាន់រូបនេះ បានបង្ហាញថា បើសិនជាកសិករចង់ចិញ្ចឹមនិងថែទាំកូនមាន់ឱ្យមានសុខភាពល្អ ចិញ្ចឹមឆាប់ធំលូតលាស់លឿន និងចៀសពីជំងឺផ្សេងៗ កសិករត្រូវយកចិត្តទុកដាក់ថែទាំកូនមាន់ទាំងនោះតាំងពីទើបនឹងញាស់ ដោយត្រូវមានធុងកម្តៅ មានរាយអង្កាមពីខាងក្រោម ត្រូវដាក់ទឹកជាមួយវិតាមីនឱ្យបានគ្រប់គ្រាន់ ការឱ្យចំណីកូនមាន់មិនត្រូវប្រញាប់ពេកឡើយ និងជាពិសេសការធ្វើវ៉ាក់សាំងមាន់ជារឿងសំខាន់បំផុត។
សំឡេង៖ មេមាន់ក៏យើងដាក់លើទ្រុង គេហៅទ្រុងប្រអប់ ទ្រុងបង្កាត់ស្ពេម អត់បានឱ្យដើរដីទេ ហើយកូនមាន់ក៏មានធ្នើអត់មានដាក់ឱ្យដើរដីទេ កាលណាដាក់ឱ្យដើរដីអត្រាហានិភ័យខ្ពស់។កូនមាន់កាលណាយើងយក ចេញពីទូមកឱ្យមានសុខភាពល្អ យើងបញ្ចេញមក ត្រូវមានធុងសម្រាប់ដាក់កូនមាន់ យើងមានក្រាលអង្កាម ដើម្បីផ្តល់កម្តៅ យើងមានប្រើអំពូលកម្តៅ បន្តទៀតយើងដាក់វីតាមីនជាមួយថ្នាំផ្សះពេលចេញពីមកឱ្យវាផឹក ដើម្បីមានកម្លាំងនិងផ្សះពោះវៀនវា ក្រោយមករយៈពេល៣០ម៉ោងបានយើងដាក់ចំណីឱ្យវាស៊ី។ហើយបើមេបា ក៏យើងត្រូវផ្តល់វីតាមីនជាប្រចាំដែរ ដើម្បីវាមានកម្លាំង និងគ្រប់គ្រងកម្លាំងរបស់វាបាននិងប្រើចំណីគ្រប់គ្រាន់ ហើយទឹកក៏អនាម័យឱ្យបានរាល់ថ្ងៃ។
សូមជម្រាបផងដែរថា សព្វថ្ងៃកសិដ្ឋានរបស់លោកឈឿម វ៉យ មានលទ្ធភាពបញ្ចេញកូនមាន់លក់ នៅរៀងរាល់មួយសប្តាហ៍ម្តង ទៅតាមការបញ្ជាទិញរបស់អតិថិជន។ ចំណែកទីផ្សារលក់ចេញវិញ មានទាំងអតិថិជន នៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត អាស្រ័យខាងមន្ទីរកសិកម្ម អង្គការដៃគូ និងរូបលោកផ្ទាល់ បានទំនាក់ទំនងរកទីផ្សារ។ ហើយក្នុងមួយខែ កសិដ្ឋានលោកអាចរកប្រាក់ចំណូលបានចាប់ពីរ១២លានរៀល ទៅ១៧លានរៀល និងអាចសល់ប្រាក់ចំណេញចាប់ពី ៤លានរៀល ក្នុងមួយខែពីមុខរបរចិញ្ចឹមមាន់ភ្ញាស់កូនលក់៕
Comments