វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយកាលពី យប់ថ្ងៃអាទិត្យថា បច្ចុប្បន្ននេះមិនមានរបាយការណ៍អំពីជនជាតិសិង្ហបុរី ស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួស នៅក្នុងការរត់ជាន់គ្នានៅទីក្រុងសេអ៊ូលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ យ៉ាងហោចណាស់មានមនុស្ស ១៥៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល នៅពេលដែលមានមនុស្សជាច្រើននៅតាមដងផ្លូវមួយក្នុងអំឡុងពេលពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍។ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានសរសេរទៅកាន់លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមរំលែកទុក្ខ។ ក្នុងលិខិតរបស់លោក លោក Lee បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងអំពីព្រឹត្តិការណ៏ នេះ។ លោកបានបន្ថែមថា ជាពិសេសវាគួរឱ្យរន្ធត់ចិត្តដែលអ្នកស្លាប់ជាច្រើននាក់ជាយុវជន។ “ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ។ គំនិតរបស់យើងគឺនៅជាមួយប្រជាជនកូរ៉េខាងត្បូងក្នុងអំឡុងពេលដ៏លំបាកនេះ ហើយខ្ញុំសូមជូនពរឱ្យអ្នករបួសទាំងអស់ឆាប់ជាសះស្បើយ”។ MFA បាននិយាយថា ស្ថានទូតសិង្ហបុរីប្រចាំទីក្រុងសេអ៊ូលកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានអំពីស្ថានភាពនេះ៕
Comments