ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិតនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ១១ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត គ្រោង សាងសង់រួចរាល់ នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ស្របពេលចាប់ផ្តើមចុះកិច្ចព្រមព្រៀងហើយ បន្ទាប់ពីការសិក្សាលើ សមិទ្ធិលទ្ធភាព នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរួចរាល់។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖....

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីស្តីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសារធារណការនិង ដឹកជញ្ជូន និងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដើម្បីឈានទៅចរចាបញ្ចប់កិច្ចព្រមព្រៀងសម្បទានវិនិយោគផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត មុនពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ទៅទស្សនៈកិច្ចផ្លូវការនៅប្រទេសចិននាឆ្នាំ២០២៣។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត មានចម្ងាយ ១៣៨គីឡូម៉ែត្រ និងមានស្ពានធំមួយឆ្លងកាត់ទន្លេមេគង្គ ដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រ ហើយផ្លូវនេះគម្រោងចំណាយថវិកាសាងសង់ប្រហែលជិត២ពាន់លានដុល្លារអាមេរិក។ 

សំឡេង « សង្ឃឹមថាយើងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ឱ្យចប់ប្រហែលនឹងផ្លូវល្បឿនលឿនពីក្រុងហូជីមិញមកម៉ុកបៃ មកបាវិត ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់យើង ដោយសារខ្ញុំមានឱកាសជួបជាមួយរដ្ឋមន្ត្រី ដឹកជញ្ជូន វៀតណាមកាលពីថ្ងៃទី០៨ កន្លងទៅនេះ នៅក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានសួរ បញ្ជាក់ទៅឯកឧត្តមរដ្ឋមន្ត្រីថា ពេលណាទើបផ្លូវល្បឿនលឿនរបស់គាត់ធ្វើចប់ គាត់បានលើក ឡើងបញ្ជាក់ថា ប្រហែលចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ទើបធ្វើចប់។ ចំពោះទីតាំងតាមផែនទីដាក់បញ្ហាឱ្យគាត់មើលប្រហែលជាមិនខុសគ្នាទេ គឺផ្លូវគាត់រត់មកតាមផ្លូវ លេខ២២របស់គាត់និងតភ្ជាប់និងផ្លូវល្បឿនលឿនរបស់យើងនៅបង្គោលគឺឡូម៉ែត្រ១៦៤ ប៉ុន្តែគាត់នឹងធ្វើជាលាយលក្ខណ៍អក្សរប្រាប់យើងទីតាំងពិតប្រាកដ ដើម្បីយើងរៀបចំគូរប្លង់ ទិញដីឱ្យបានត្រឹមត្រូវនៅទីតាំងដែលយើងតភ្ជាប់ជាមួយគ្នា »។

ឯកឧត្តម បានបញ្ជាក់ថា ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិតនេះ មានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា និងទៅវៀតណាម ដើម្បីផ្តល់ភាពងាយសម្រួលក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ។

សូមជម្រាបថា ផ្លូវល្បឿនលឿននេះអាចនឹងត្រូវបើកការដ្ឋានសាងសង់ឆ្នាំ២០២៣ខាងមុខ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី ២ ហើយ ក្នុងប្រទេសកម្ពុជា បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ខណៈផ្លូវនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ នឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕IMG_20221110_130423_219IMG_20221110_130416_298

Comments

Related posts