វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន
ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ខេត្តប៉ៃលិន ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ មន្ទីរ-អង្គភាពនានា ស្ថាប័នជុំវិញខេត្ត ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ យុវជនសហភាពសហព័ន្ធកម្ពុជាយុវជនកាកបាទក្រហម សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប។
លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើកកម្ពស់ការអប់រំផ្សព្វផ្សាយនិងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់សិស្សនិស្សិតឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុងភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដើម្បីរួមចំណែកធ្វើឱ្យខេត្តប៉ៃលិន មានអនាម័យបរិស្ថានស្អាត និងភាពទាក់ទាញ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ជាពិសេសក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឆ្នៃប្រឌិតរៀបចំតុបតែងកែលម្អសោភ័ណភាពខេត្តឱ្យស្រស់បំព្រង របស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន ហើយក៏ជាការចូលរួមក្នុងសកម្មភាពប្រឡងប្រណាំងទីក្រុងស្អាត និងចលនាប្រឡងប្រណាំងភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។
លោក ងួន លីណា បានជំរុញដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានាប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់កាន់តែខ្ពស់ ក្នុងការបំផុសការយល់ដឹង និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានមេត្តាជួយចូលរួមចំណែកក្នុងការទុកដាក់ និងញែកសំរាម និងសំណល់រឹង ទីប្រជុំជន ឱ្យមានសណ្តាប់ធ្នាប់នៅក្នុង និងជុំវិញបរិវេណអង្គភាពរបស់ខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ ។
លោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា៖ ក្នុងនោះរដ្ឋបាលក្រុងប៉ៃលិនក៏ទទួលបានថវិកាអនាម័យ ប្រចាំឆ្នាំពីក្រសួងបរិស្ថានដែរ ហើយបានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន រ៉ាត់ សុទ្ធី ខូអិលធីឌី ដែលកំពុងផ្តល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងក្រុងប៉ៃលិន និងដោយឡែកស្រុកសាលាក្រៅ បានចុះកិច្ចសន្យាបណ្តោះអាសន្ន ជាមួយក្រុមហ៊ុន ពៅ ថារឿន ដើម្បីផ្ដល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងស្រុកសាលាក្រៅ ហើយបរិមាណសំរាមដែលបង្កើតបានសរុបមានចំនួន ៣៣ តោនក្នុងមួយថ្ងៃ ក្នុងនោះមានបីប្រភេទ៖ ១.បរិមាណសំរាមដែលអាចកែឆ្នៃបាន៧តោនក្នុងមួយថ្ងៃស្មើ១២% , ២.បរិមាណសំរាមចាក់នៅទីលានមានចំនួន១៨តោនក្នុងមួយថ្ងៃស្មើ៦៧% , ៣.បរិមាណសំរាមចាក់ចោលដោយខុសច្បាប់ ៨តោនក្នុងមួយថ្ងៃស្មើ២១%៕
Comments