វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ កាលពីថ្ងៃចន្ទ មន្ត្រីម្នាក់បាននិយាយថា ប្រទេសស្រីលង្កានឹងបង្កើតអាជ្ញាធរការពារទិន្នន័យនៅឆ្នាំ ២០២៣ ដើម្បីគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាននៃការធ្វើឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Kanaka Herath រដ្ឋមន្ត្រីក្រសួង បច្ចេកវិទ្យាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរការពារទិន្នន័យនឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បី ការពារឯកជនភាពរបស់ប្រជាពលរដ្ឋពីផលប៉ះពាល់អវិជ្ជមាននៃការធ្វើឌីជីថល។ លោក Herath បាន និយាយថា ស្ថាប័នចំនួន ៤៣ បានរក្សានូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាតិសំខាន់ៗចំនួន ១២៤ ដែលប៉ះ ពាល់ដល់សន្តិសុខជាតិសាធារណៈ សេដ្ឋកិច្ច និងសុខភាពរបស់ប្រទេស។ លោកបានបន្តថា ទន្ទឹមនឹង ការបង្កើតអាជ្ញាធរការពារទិន្នន័យ វិធានការនានានឹងត្រូវធ្វើឡើងដើម្បីកែលម្អសន្តិសុខតាមអ៊ីនធឺណិត របស់ស្ថាប័នរដ្ឋាភិបាល រួមទាំងនាយកដ្ឋានអន្តោប្រវេសន៍ គយស្រីលង្កា និងក្រសួងការបរទេសផងដែរ៕
Comments