វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ១១ ២០២២
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការឲ្យដឹងថា ការគ្រប់គ្រងទីលានទុកដាក់សំរាមនិងសំណល់រឹង បានត្រឹមត្រូវ គឺរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ឡើង និងបានធានានូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។
ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការងារគ្រប់គ្រង និងប្រតិបត្តិការទីលានទុកដាក់សំរាម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពី សារសំខាន់នៃការគ្រប់គ្រងទីលានទុកដាក់សំរាម និងសំណល់រឹង ក្នុងការចូលរួមចំណែកលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការស្វែងរកប្រាក់កម្ចីផ្សេងៗពីដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំគ្រប់គ្រងទីលានទុកដាក់សំរាម ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសប្រកបដោយគុណភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ក្រសួងបាន និងកំពុងត្រៀមរៀបចំបើកវគ្គបណ្ដុះបណ្ដាល ផ្ដល់ចំណេះដឹង អំពីការគ្រប់គ្រងទីលានទុកដាក់សំរាម ដើម្បីផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេស ដល់ក្រុម ការងារក្រសួង ក៏ដូចជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលត្រូវបានចាត់តាំងឱ្យមកសិក្សា ដើម្បីធានានិរន្តរភាពនៃការ គ្រប់គ្រងទីលានទុកដាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេសប្រើប្រាស់ឱ្យបានយូរអង្វែង។
អង្គប្រជុំបានពិភាក្សាអំពីយន្តការនៃការគ្រប់គ្រង និងការអនុវត្តន៍គម្រោងទីលានទុកដាក់សំរាម និងសំណល់ រឹង របស់រាជធានី-ខេត្តចំនួន៦ និងទិសដៅសកម្មភាពការងារក្នុងការរៀបចំរចនាសម្ព័ន្ធ និងការចាត់តាំង សមាសភាពចូលរួមវគ្គបណ្ដុះបណ្ដាលការគ្រប់គ្រង និងវគ្គបំពាក់បំប៉នការប្រើប្រាស់គ្រឿងចក្រ ដល់មន្ត្រី ពាក់ព័ន្ធសំដៅគ្រប់គ្រងទីលានទុកដាក់សំរាមឱ្យបានល្អ ការរៀបចំប្រព័ន្ធទិន្នន័យប្រមូល ថ្លៃសេវា និងពិធី ប្រគល់-ទទួលការគ្រប់គ្រងទីលានទុកដាក់សំរាមផងដែរ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើការផ្ទេរសិទ្ធិគ្រប់គ្រងទីលានទុកដាក់សំរាម និងសំណល់រឹងដល់រាជធានី ខេត្តទាំង៦ និងកំណត់ពេលវេលាជាក់លាក់មួយ ដើម្បីរៀបចំពិធីប្រគល់-ទទួលទីលានទុកដាក់សំរាម និង សំណល់រឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន៕
Comments