កីឡាជាតិលើកទី៣ មានសារសំខាន់សម្រាប់កីឡាទូកក្តោង ដើម្បីវាស់ស្ទង់សមត្ថភាព អត្តពលិក មន្រ្តីត្រៀមស៊ីហ្គេម២០២៣

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ១១ ២០២២

 

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ គឺជាការបង្ហាញខ្លួនដំបូងរបស់កីឡាទូកក្តោង កម្ពុជា ដែលបានក្លាយជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការដុសខាត់សមត្ថភាពអត្តពលិក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រម ដើម្បីធានាបាននូវការត្រៀមខ្លួនល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

លោក សោម សុទ្ធរិទ្ធីពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានរៀបរាប់ថា ការរៀបចំ ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គឺដំណើរការដោយជោគជ័យ និងរលួន ដែលជាការបង្ហាញភាពរីកចម្រើន របស់កីឡាទូកក្តោងកម្ពុជា ពីព្រោះសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកម្រិតអន្តរជាតិ គឺជើងឯក ទូកក្តោងអាស៊ីអាគ្នេយ៍ កាលពីខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ ការរៀបចំនោះទទួលបានការកោតសរសើរពីកីឡាករ និងគណៈកម្មការអន្តរជាតិពាក់ព័ន្ធនឹងបច្ចេកទេស និងការរៀបចំទីលានប្រកួតជាដើម។ ទាំងនេះបានផ្តល់ឲ្យសហព័ន្ធមានក្តីរំពឹងខ្ពស់ និងជាទុនមួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកអគ្គលេខាធិការរូបនេះបន្តថា សម្រាប់ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ គឺសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចទាំងមន្រ្តីបច្ចេកទេស ទាំងចៅក្រម និងអាជ្ញា កណ្តាល។ ជាមួយគ្នានេះសហព័ន្ធក៏មានអាជ្ញាកណ្តាលអន្តរជាតិ ដែលធ្លាប់បណ្តុះបណ្តាលនៅប្រទេស សិង្ហបុរី និងថៃ ដែលអាចចូលរួមកាត់សេចក្តីលើការប្រកួតអន្តរជាតិ ដែលសហព័ន្ធគ្រោងនឹងរៀបចំនាពេល ខាងមុខនេះ។

លោក សោម សុទ្ធរិទ្ធីពង្ស បានអះអាងថា ចំពោះកីឡាករ កីឡាការិនីមកពី៥រាជធានី-ខេត្ត និងក្រសួង មានសិទ្ធផល និងបច្ចេកទេសរីកចម្រើនខ្លាំង ដែលអាចប្រកួតប្រជែងជាមួយគ្នាបាន ពោលគឺមិនចាញ់ អត្តពលិកជម្រើសជាតិនោះទេ។

ជាលទ្ធផល ក្រសួងមហាផ្ទៃ ឈរលេខ១ដណ្តើមបានមេដាយច្រើនជាងគេគឺ មាស៣ លេខ២ ខេត្តកែប មាស១ ប្រាក់១ និងសំរិទ្ធ១ និងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ឈរលេខ៣ដណ្តើមបាន មេដាយប្រាក់១ និងសំរិទ្ធ១ដូចគ្នា។

សូមបញ្ជក់ថា កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានដាក់មន្រ្តីបច្ចេកទេស ២៥រូប និងចៅក្រម៣រូប ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលពីគ្រូអន្តរជាតិ។ សម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធត្រៀមមន្រ្តីបច្ចេកទេស៤៥រូប និងចៅក្រមអន្តរជាតិ៥រូប ក្នុងនោះមានកម្ពុជាមួយរូបផងដែរ៕IMG_20221129_102936_165

Comments

Related posts