និស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលកសិកម្មពីអ្នកជំនាញខេត្តយូណានប្រទេសចិន

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ១១ ២០២២

 

និស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលកសិកម្មពីអ្នកជំនាញប្រទេសចិន បន្ទាប់ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងរដ្ឋបាលខេត្តយូណានប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការគ្នាលើការងារជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដើម្បីកំណើនផលិតភាពដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពប្រជាជន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅទីផ្សារក្រៅប្រទេស។

សិស្ស-និស្សិត នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានទទួលការបណ្តុះបណ្តាលផ្នែកកសិកម្មទៅលើផ្នែកដាំបន្លែ ផ្កែ និងការចិញ្ចឹមសត្វ ពីអ្នកជំនាញប្រទេសចិន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference) ដែលរៀបចំឡើងពីរដ្ឋបាលខេត្តយូណាន និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Dian Wang Fresh Flower Company។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានឱ្យដឹងថា សិស្ស-និស្សិត ដែលទទួលបានការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងកសិកម្មមានដូចជា ដំណាំបន្លែ ដំណាំផ្កែ និងការចិញ្ចឹមសត្វនាពេលនេះ មានប្រមាណជា១០០នាក់ ខណៈសិស្ស-និស្សិតផ្នែកកសិកម្មដែលបាននិងកំពុងសិក្សានៅក្នុងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានជាង១.២០០នាក់។ ការបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃការជំរុញទៅលើផលិតកម្មដំណាំបន្លែ ផ្កា និងការចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ឯកឧត្តម មានប្រសាសន៍ថា «ខេត្តយូណានគេពូកែខាងផ្នែកកសិកម្ម ដែលគេអាចជួយយើងបានលើផលិតកម្មដំណាំ និងការចិញ្ចឹមសត្វ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់និស្សិតយើង»។ ឯកឧត្តម បន្តថា កន្លែងមកក៏មានសិស្ស-និស្សិតផ្នែកសាលាកសិកម្មរបស់កម្ពុជាទៅសិក្សា និងដកស្រង់យកបទពិសោធន៍លើការងារកសិកម្មនៅខេត្តយូណានផងដែរ ខណៈការសិក្សាផ្នែកនេះក្រោមកិច្ចសហប្រតិបត្តិការងាររដ្ឋបាលខេត្តយូណាន និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានធ្វើឡើងជាច្រើនលើកមកហើយ។ ឯកឧត្តម មានសុទិដ្ឋិនិយមថា វិស័យកសិកម្មនៅកម្ពុជាកំពុងពង្រឹង និងពង្រីកតួនាទីរបស់ខ្លួន ក្នុងការធានាសន្តិសុខស្បៀង កំណើនប្រាក់ចំណូល និងមាននិន្នាការនៃផលិតកម្មកសិកម្មប្រកបដោយគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

លោក ចាំង យាពីន (Zhang Yuebin) អនុប្រធានបណ្ឌិតសភាផ្នែកវិទ្យាសាស្ត្រកសិកម្មខេត្តយូណាន ថ្លែងថា ចិន និងកម្ពុជា ជាមិត្តល្អនឹងគ្នាក្នុងការពួតដៃគ្នាលើការកសាងសហគមន៍រួមជោគវាសនា ហើយការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មនេះ ស្របពេលប្រទេសទាំងពីរ កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

យុវនិស្សិត សុង ស្រីលក្ខ មកពីឧត្តរមានជ័យ ដែលបាននិងកំពុងក្នុងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសការដាំដុះ និងការចិញ្ចឹមសត្វពីអ្នកជំនាញខេត្តយូណាន បានសម្តែងក្តីរីករាយជាមួយនឹងការទទួលបាននូវចំណេះដឹងថ្មី សម្រាប់ជាបំណិនជីវិតទៅថ្ងៃអនាគត។ កញ្ញាថ្លែងថា «ទោះបីវគ្គបណ្តុះបណ្តាលនេះ មានរយៈពេលខ្លីក៏ដោយ ក៏វាមានសារសំខាន់នៅក្នុងការលើកស្ទួយវិស័យកសិកម្មរបស់កម្ពុជាឱ្យមានការរីកចម្រើនទៅមុខ»។

លោក ហ្វុ ឆាវ (Fu Chao) នាយកទូទៅនៃក្រុមហ៊ុន Kunming DianWang Fresh Flower បានចាត់ទុកការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មនេះ ជាការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ពិសេសបញ្ជាក់ឱ្យឃើញពីការអនុវត្តន៍គោលនយោបាយ«ផ្លូវមួយ ខ្សែក្រវាត់មួយ» របស់រដ្ឋាភិបាលប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងប្រជាជននៅកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងត្រូវការធនធានមនុស្សផ្នែកកសិកម្មដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធន៍ ដើម្បីរួមគ្នាគិតគូរ និងដោះស្រាយឱ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនវានុវត្តន៍ ដើម្បីកសាងអនាគតគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ៕IMG_20221129_163747_602IMG_20221129_163748_755IMG_20221129_142852_577IMG_20221129_142853_913IMG_20221129_121324_142IMG_20221129_121328_129IMG_20221129_121329_611IMG_20221129_121325_824

Comments

Related posts