វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ព្រឹទ្ធសភានិងសភាតំណាងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ បានផ្តល់សច្ចាប័នលើសំណើ ថវិកាជាតិ ចំនួន ៥,២៦៨ ពាន់ពាន់លានប៉េសូ (ប្រហែល ៩៤ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២៣ ពោលគឺខ្ពស់ជាងថវិកាឆ្នាំ ២០២២ ចំនួន ៤,៩ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ សមាជិកព្រឹទ្ធសភា និងសមាជិកសភា បានផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់នេះ ប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការសន្និសីទ។ ថវិកាខ្ពស់បំផុតមិនធ្លាប់មាន ផ្តោតលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងការ អភិវឌ្ឍន៍សុខុមាលភាពសង្គម ដើម្បីទ្រទ្រង់សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ព័ត៌មានលម្អិតនៃការសម្រេចមិនទាន់ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ លោកស្រី Amenah Pangandaman លេខាធិការថវិកាបានពណ៌នាអំពីថវិកាឆ្នាំ ២០២៣ ថា "សកម្ម និងធន់ ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងហានិភ័យ និងបញ្ហាប្រឈមនាពេលអនាគត"។ រដ្ឋបាលលោក Marcos មានគោលបំណងសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដពី ៦ ទៅ ៧ ភាគរយនៅឆ្នាំ ២០២៣។ គេរំពឹងថាអតិផរណានឹងកើនឡើងនៅជុំវិញ ២,៥ ភាគរយទៅ ៤,៥ ភាគរយ នៅឆ្នាំ ២០២៣៕
Comments