ចិន បានជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធចាំបាច់ជាច្រើន ដោយចំណាយថវិកា ជិត២ពាន់លានដុល្លារ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៦ ១២ ២០២២

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យ ដឹងថា រដ្ឋាភិបាលចិន បានជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម័្ពន្ធចាំបាច់ជាច្រើន ដោយចំណាយថវិកា ជិត២ពាន់លានដុល្លារ ដែលបានសម្រួលដល់ការដឹកជញ្ជូនទំនិញ ទេសចរណ៍ និងការធ្វើដំណើររបស់ ប្រជាពលរដ្ឋជាដើម។

ក្នុងពិធីបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មិត្តចិនបានជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធចាំបាច់ដូចជា ផ្លូវ ស្ពានជាដើម ក្នុងរយៈពេលកន្លងទៅមានផ្លូវជាង៣០ខ្សែប្រវែងជាង៣ពាន់គីឡូម៉ែត្រ ដោយចំណាយថវិកាជិត ២ពាន់លានដុល្លារ ខណៈដែលផ្លូវថ្នល់និងស្ពាន ជាប្រភពនៃដង្ហើមសេដ្ឋកិច្ចជាតិ។

សម្តេចតេជោ បានបន្តថា ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន បានបង្កើតនូវការជឿទុកចិត្តគ្នា ដែលមិត្តចិន ក្រៅពីការផ្តល់នូវជំនួយឥតសំណង ក៏បានផ្តល់នូវឥណទាន សម្បទានសម្រាប់ការអភិវឌ្ឍកម្ពុជា អាចមើលឃើញតាមសមិទ្ធផលជាក់ស្តែង ដែលប្រជាពលរដ្ឋ បាននិង កំពុង ធ្វើដំណើរលើផ្លូវ លើស្ពាន ចូលរៀននៅក្នុងសាលារៀន សម្រាកក្នុងមន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រ ជាដើម។

សំឡេង « សមិទ្ធផលទាំងអស់នេះមិនបានធ្លាក់ពីលើមេឃទេ ក៏ប៉ុន្តែវាបានមកពីការខិតខំប្រឹងប្រែង របស់យើង ក្នុងហ្នឹងក៏សូមបញ្ជាក់ជូនថា មិត្តបានជួយយើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាក់ទងជាមួយនឹងផ្លូវ ស្ពានដែលយើងបានធ្វើរយៈពេលកន្លងទៅ ដែលក្នុងនោះមកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវយើងចំនួន ៣០ខ្សែ ដែលមានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ជិត ២ពាន់លានដុល្លារ។ អាហ្នឹងគឺការសាងសង់រួចហើយ ប៉ុន្តែកំពុងសាងសង់គឺ មានប៉ុន្មាន ៣ខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណជាជាង ៥០០លានដុល្លារ ។ឯស្ពានធំៗមានចំនួន៩ ដែលបានកសាងរួច និងកំពុងកសាង ហើយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នឹងទៅបើក ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅឯខេត្តក្រចេះ »។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ផងដែរថា ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក ដើម្បីការពារផល ប្រយោជន៍ស្នូល។ ឯកឧត្តម បានបន្តថា ភាគីចិន បន្តប្រកាន់ភ្ជាប់ គោរពអធិបតេយ្យភាព និងបូរណភាព ដែនដីកម្ពុជា និងគាំទ្រចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជាសម្របទៅនឹងលក្ខខណ្ឌរបស់កម្ពុជា គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន គាំទ្រ យ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជា លើបញ្ហាតំបន់និងអន្តរជាតិ។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបន្តទៀតថា ជោគវាសនារួមគ្នារវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដ៏ស៊ីជម្រៅក្នុងប្រទេសទាំង២ នៅក្នុងវិស័យនានា៕IMG_20221226_112325_658IMG_20221226_112328_562IMG_20221226_112332_985

Comments

Related posts