អគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ ជាសមិទ្ធផលថ្មី នឹងជួយបង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣

MC.  អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ស្ថិតនៅក្នុងភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ថ្លែងក្នុងឱកាសស្វាគមន៍នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីអង្គភាពនគរបាលការពារ បេតិកភណ្ឌ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ទីតាំងថ្មីនៃអង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនេះ ត្រូវបានសង់ឡើងនៅលើដីដែលមានផ្ទៃក្រឡាសរុបចំនួន ១៩,៩៤៧ ម៉ែត្រក្រឡា ដោយក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធនានានៃអគារ និងទីតាំងប្រើប្រាស់ចាំបាច់ មានចំនួន ១៦ ប្រភេទ មានទំហំសរុបចំនួន ១,៧០៨ ម៉ែត្រក្រឡា។ ការងារសាងសង់មានរយៈពេល២៤ខែ ដោយចាប់ផ្តើមសាងសង់ពី ឆ្នាំ២០១៩ ហើយបញ្ចប់ជាស្ថាពរនាខែកុម្ភៈឆ្នាំ២០២១ ថវិកាសម្រាប់សាងសង់ បានមកពីមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០១៨។
លោកជំទាវបន្តថា សំណង់នេះ គឺជាសមិទ្ធផលសំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ អាជ្ញាធរដែនដីខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព សំដៅកែលម្អឡើងវិញ និងពង្រីកទេសភាពបៃតងដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។
សំឡេង៖ការដាក់ឱ្យប្រើប្រាស់នូវទីតាំងថ្មីនៃអង្គភាពនគរបាលការពារបេតិកភណ្ឌគឺជាកិច្ចសហការក្នុងការលើកតម្លៃ វប្បធម៌នៃបេតិកភណ្ឌជាតិ ការពារមរតកជាតិ រួមចំណែកទប់ស្កាត់ផលប៉ះពាល់បុរាណវិទ្យាក្រោមដី ដែលអាចកើតចេញពីការសាងសង់សំណង់សាធារណៈនិងឯកជនដែល សាងសង់នៅកៀកកិត ប្រាសាទបុរាណនៃរមណីយដ្ឋានអង្គរ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរាក្នុងការជំរុញ និងផ្តួចផ្តើមគំនិត នូវការ ស្នើផ្លាស់ប្តូរទីតាំងស្នាក់ការចាស់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលមានសភាព ទ្រុឌទ្រោម មិនរៀបរយ សាងសង់នៅកៀកជិតប្រាសាទអង្គរវត្ត អាចនឹងប៉ះពាល់ដល់ស្រទាប់បុរាណវិទ្យា នៅក្រោមដី។ 
សម្តេចក្រឡាហោមមានប្រសាសន៍បន្តទៀតថា អគារថ្មីរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌ មានភាពស្រស់ស្អាត តាមរចនាបថ តាមទម្រង់ស្ថាបត្យកម្មខ្មែរ សាមញ្ញ បង្កប់នូវភាពថ្លៃថ្នូរ ស័ក្តិសមជាសមិទ្ធផលថ្មី នៃអត្តសញ្ញាណជាតិ ដែលនឹងជួយបង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរ ផ្តល់ភាពងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ចនិងផាសុកភាពជូនកម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្នុងការថែរក្សា ការពាររមណីយដ្ឋានអង្គរ ដែលជាមរតកដូនតាមានតម្លៃមិនអាចកាត់ថ្លៃបាន របស់ជាតិ និង ប្រជាជនកម្ពុជា។
សំឡេង៖កិច្ចអភិរក្ស និងការអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានការផ្លាស់ប្តូរប្រកបដោយ សោភ័ណភាព ទៅតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានលើកឡើងស្ទើរតែ គ្រប់វេទិកា ទាក់ទងនិងវិស័យវប្បធម៌ និងទេសចរណ៍ ថ្មីនេះដូចលោកជំទាវបណ្ឌិសភាចាររដ្ឋមន្រ្តី បានលើកឡើងដោយបន្តជោគជ័យ ក្នុងការថែរក្សតម្លៃលេចធ្លោជាសាកល នៃសម្បត្តិបេតិកភណ្ឌ ពិភពលោក។
សម្តេចក្រឡាហោមក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ជូនអាជ្ញាធរខេត្តសៀមរាប អង្គភាពនគរបាល ការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ និងអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងប្រសិទ្ធភាព និង ភាពរលូននៃ កិច្ចសហការការងារ។ ក្នុងឱកាសនោះ  សម្តេចក្រឡាហោម ស ខេង បានផ្តល់ជាអំណោយដល់កម្លាំង នគរបាល ការពារបេតិកភណ្ឌ រួមមាន៖ ប៉ុស្តិ៍យាមប្រចាំការតាមគោលដៅចំនួន១០  ទោចក្រយានយន្ត ចំនួន២០គ្រឿង សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់ជាអំណោយរួមមាន ៖ ទោចក្រយាន ចំនួន៥០គ្រឿង និងអាវយឺត ចំនួន៥០០អាវ សម្រាប់កងកម្លាំងជិះល្បាតក្នុងតំបន់អង្គរនោះផងដែរ៕photo_2023-01-16_19-25-33photo_2023-01-16_19-25-21photo_2023-01-16_19-28-48photo_2023-01-16_19-57-47photo_2023-01-16_19-58-26photo_2023-01-16_19-58-27

Comments

Related posts