ក្រសួងសុខាភិបាលជំរុញដល់អាជ្ញាធររាជធានី-ខេត្ដ ត្រូវបង្កើនការទប់ស្កាត់ការចម្លងកូវីដ១៩ បន្ថែមទៀត 

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

          ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញដល់អាជ្ញាធរទាំង២៥ រាជធានី-ខេត្ដ ត្រូវបង្កើនការយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំពីវិធានការទប់ស្កាត់ការចម្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ខណៈក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណី ឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងវិញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលសង្កេតឃើញថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្តិច ជាពិសេសនៅតាម បណ្តាខេត្តមួយចំនួន ដែលបានរកឃើញថា ករណីផ្ទុះភាគច្រើនបានកើតឡើង នៅទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំនើប គឺផ្សារលក់ដូរ នៅតាមបណ្តាខេត្ត ក្រុង ភូមិ ទីប្រជុំជននានាជាដើម ដែលបងប្អូនប្រជាពលរដ្ឋទៅទិញម្ហូបអាហារ និង គ្រឿងឧបភោគបរិភោគ ឬ ជួបជុំគ្នា បរិភោគជាដើម។ 

លោកជំទាវនៅតែអះអាងថា វ៉ាក់សាំងមានប្រសិទ្ធភាព ការពារមិនឱ្យឈឺធ្ងន់ធ្ងរដែលតម្រូវឱ្យសម្រាកពេទ្យ និងកាត់បន្ថយហានិភ័យ នៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែលទ្ធភាពចម្លងវីរុសកូវីដ-១៩ ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងរួច គឺនៅតែអាចឆ្លងបាន ប្រសិនបើបុគ្គលនោះមិនបានអនុវត្តនូវវិធានការបង្ការការចម្លងវីរុសកូវីដ-១៩បានខ្ជាប់ខ្ជួនទេនោះ។ ដូចហេតុនេះលោកជំទាវជំរុញឱ្យអាជ្ញាធរខេត្ដនិងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើន យុទ្ធនាការអប់រំផ្សព្វផ្សាយឱ្យបានសស្រាក់សស្រាំ ដើម្បីពញ្ញាក់ស្មារតីរបស់ប្រជាពលរដ្ឋឡើងវិញ ឱ្យបន្តអនុវត្តនូវវិធានការទប់ស្កាត់ការចម្លងកូវីដ-១៩ ដែលបានដាក់ចេញនាពេលកន្លងមក ព្រោះការចូលរួមរបស់បុគ្គល និងសហគមន៍ ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតែចាំបាច់បំផុត និងត្រូវអនុវត្តជាប់ជាប្រចាំ ទោះជា បងប្អូនទាំងអស់បានចាក់វ៉ាក់សាំងរួចហើយក៏ដោយ។

សំឡេង៖« ដូច្នេះហើយបានជាការជំរុញ ហើយជាពិសេសការអនុវត្តន៍នូវវិធានការ៣កុំគឺសំខាន់ណាស់នៅពេលនេះ ព្រោះយើងរៀនសូត្រ ពីហេតុការណ៍ដែលបានហក់ឡើងនាពេលថ្មីៗនេះ ដែលមាន ខេត្តមួយចំនួន និងទីកន្លែងមួយចំនួន ការហក់ឡើងមកវិញនូវការឆ្លងនៃវីរុស កូវីដ១៩។ អ៊ីចឹងយើងត្រូវតែ រៀនសូត្រពីហ្នឹង ហើយគិតមើលថាឆ្លងចេញពីណា នេះគឺឆ្លងចេញពីការធ្វេសប្រហែសរបស់បងប្អូន ប្រជាពលរដ្ឋ ដែលមិនអនុវត្តនូវវិធានការ៣កុំ។ ហើយក្នុងនោះយើងក៏សង្កេតឃើញដែរ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការជួបជុំ នៅទីតាំងដែលបិទជិត។ អ៊ីចឹងសុំបងប្អូនព្យាយាមអនុវត្តកែប្រែនូវទម្លាប់របស់ខ្លួនហ្នឹងគឺជាការសំខាន់ ហើយការងារនេះទាមទារ ឱ្យមានការ ចូលរួមរបស់បងប្អូនហើយសំខាន់ទៀតគឺការទទួលខុសត្រូវរបស់បុគ្គល»។  

លោកជំទាវបន្តអំពាវនាវនិងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ និង៣កុំ។ និងកុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាម ពាក្យស្លោកថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និង កាត់ផ្តាច់ នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីដែលតា និងអាល់ហ្វា។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ដ ត្រូវបន្ដយក ចិត្ដទុកដាក់បន្ថែមទៀត ទន្ទឹមនឹងការទប់ស្កាត់ និងដាក់ចេញនូវវិធានការផ្សេងៗ ត្រូវធ្វើការផ្សព្វផ្សាយឱ្យកាន់តែសស្រាក់សស្រាំ ដើម្បីដាស់តឿន ដល់ប្រជាពលរដ្ឋ កុំអាងទៅលើការចាក់វ៉ាក់សាំងតែមួយមុខ ហើយភ្លេចការអនុវត្តន៍វិធានការសុខាភិបាលនោះ៕IMG_20210920_122329_150

Comments

Related posts