នាយក AIP Foundation ថា ការឈានទៅលុបបំបាត់ទាំងស្រុងចំពោះការយករថយន្តដឹកទំនិញទៅដឹកកម្មករទាមទារនូវការប្តេជ្ញាខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី
ភ្នុំពេញ ៖ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី ហៅកាត់ AIP ប្រចាំកម្ពុជា លើកឡើងថា ការឈានទៅលុបបំបាត់ទាំង ស្រុងការយករថយន្តដឹក ទំនិញទៅដឹកកម្មករទាមទារ នូវការប្តេជ្ញាខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធរាប់តាំងរាជរដ្ឋាភិ បាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ម្ចាស់រថយន្ត និងការចូលរួមរបស់ថៅកែរោងចក្រ។

photo_2021-09-21_14-17-57
   ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិកាប្រចាំឆ្នាំស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតនៅកម្ពុជា តាមប្រព័ន្ធវីដេអូហ្សូម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំឡើងក្នុងគោល បំណងផ្តល់ព័ត៌មាន និងបង្កើនការភ្ជាប់ទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល វិស័យឯកជន សហជីព ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដែលមានកង្វល់ដូចគ្នាអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាស្វែងរកដំណោះ ស្រាយ និងកំណត់នូវតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងការរួម ចំណែកធ្វើឱ្យការធ្វើដំណើររបស់កម្មករនិយោជិតកម្ពុជា កាន់តែមានសុវត្ថិភាពប្រសើរឡើង។

photo_2021-09-21_14-18-02
   លោក គឹម បញ្ញា បន្តថា កម្មករនិយោជិតដែលធ្វើ ដំណើរតាមរថយន្តដឹកកម្មកររួមនៅតែបន្តទទួលរងគ្រោះនៅពេលធ្វើដំណើរទៅមកបំពេញការងារ បើទោះបីជាករណីគ្រោះថ្នាក់ភាគច្រើនកើតមានឡើងលើកម្មករដែលធ្វើដំណើរតាមយានយន្តផ្ទាល់ ខ្លួនដូចជាម៉ូតូ។ លោកមាន ប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចំបងគួរឱ្យព្រួយ បារម្ភយ៉ាងខ្លាំងមួយ សម្រាប់កម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានប្រមាណជាង៧០ ម៉ឺននាក់។

photo_2021-09-21_14-18-04
     លោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស បញ្ជាក់ថា ក្រុម ការងាររបស់ ប.ស.ស បានចុះស្រង់ស្ថិតិលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេស ដើម្បីពិនិត្យលើលទ្ធភាពផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតពីរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ មកជារថយន្តដែលមានសុវត្ថិភាពត្រឹមត្រូវដូចជារថយន្តក្រុង ឬរថយន្តដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្សែក្រវាត់សុវត្ថិភាព។ លោកបន្តថា ក្រុមការងារកំពុងជំរុញអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ធ្វើការកែច្នៃឱ្យមានកៅអីអង្គុយសម្រាប់កម្មករនិយោជិតឱ្យបានត្រឹមត្រូវ។

photo_2021-09-21_14-22-16
 យោងតាមរបាយការណ៍របស់ ប.ស.ស ស្តីពីស្ថាន ភាពរថយន្តដឹកកម្មករនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គិតត្រឹមឆ្នាំ២០១៩ បានបង្ហាញថា អ្នកបើកបរបានប្រើប្រាស់រថយន្តដឹកទំនិញរហូតដល់ជាង២.៣០០គ្រឿង ដែលស្មើនឹង៦០ភាគរយនៃមធ្យោ បាយធ្វើដំណើរសរុបរបស់កម្មករ។ ការដឹកកម្មករធ្វើឡើងដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ ដែលធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាក្រុមខ្ពស់។
     របាយការណ៍ដដែល បានបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានសរុប១.៣៣៣ករណី ដោយក្នុងនោះមានកម្មករនិយោជិតស្លាប់ចំនួន៣៣ នាក់ របួសធ្ងន់៣២៨នាក់ និងរបួសស្រាល១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹក ទំនិញ(រថយន្តកូរ៉េ) និងទោចក្រយានយន្ត ក្នុងនោះសម្រាប់រថយន្តដឹកកម្មករ មានចំនួន៦ករណី ដោយមានជនរងគ្រោះសរុប២៧៦ នាក់៕

Comments

Related posts