ប្រទេសជាសមាជិកទាំងអស់ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចប្រជុំកំពូល ASEM លើកទី១៣នៅកម្ពុជា នាខែវិច្ឆិកាខាងមុខ

 

 វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី

            ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបជាសមាជិក ASEM បានត្រៀមខ្លួន រួចជាស្រេចអស់ហើយ ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ទោះបីជាកិច្ចប្រជុំធ្វើតាមប្រព័ន្ធវីដេអូក៏ដោយ។  

      ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន រៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣បានមានប្រសាសន៍ឱ្យដឹងថា បណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងអឺរ៉ុប បានឆ្លើយតបក្នុងការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធវីដេអូកម្ពុជា ដោយសារប្រទេសជាច្រើនបានឱ្យតម្លៃពីសារសំខាន់ នៃកិច្ចប្រជុំកំពូលដ៏ធំនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលពិភពលោកកំពុងជួបប្រទះ និងលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍន៍។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំកុំពូលនាពេលខាងមុខនេះ កម្ពុជាបានលើកយកប្រធានបទ«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើន រួមគ្នា» ដូច្នេះការចូលរួមពីគ្រប់ សមាជិកពាក់ព័ន្ធទំាងអស់មានសារសំខាន់ណាស់ ដើម្បីរួបរួមគ្នាដោះស្រាយបញ្ហាប្រឈាមនានា ដែល ពិភពលោកកំពុងជួបប្រទះប្រកបដោយប្រសិទ្ធភាព ធានាសុខសន្តិភាព និងការអភិវឌ្ឍន៍ទំាងក្នុង តំបន់និងពិភពលោក។

សំឡេង ៖ « ទោះបីជាយើងសម្រេចធ្វើតាមអនឡាញវិញក៏គេត្រៀមចូលរួមដែរក្នុងរូបភាពណាក៏ដោយគេត្រៀមចូលរួមកិច្ចប្រជុំ ASEM១៣នេះ ដែលគេចាត់ទុកថាជាកិច្ចប្រជុំមួយដ៏ធំក្នុងប៉ុន្មានឆ្នាំដែលគេមិនបានធ្វើ ដែលជាកិច្ចប្រជុំមួយដ៏ធំ ដែលថ្នាក់ដឹកនាំ ត្រូវតែចូលរួម ដើម្បីបង្ហាញពីឆន្ទៈរបស់គេក្នុងការចូលរួមដោះស្រាយស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ១៩ អ៊ីចឹងបើឱ្យរាប់ប្រទេស គឺខ្ញុំមិនចាំអស់ទេថាមានប្រទេសច្រើនគេបញ្ជាក់ហើយថាគេនឹងចូលរួម»។

សូមបញ្ចាក់ថា ដោយសារស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តឆ្លងរាតត្បាតទំាងនៅក្នុងកម្ពុជា និងក្នុងតំបន់ បានធ្វើឱ្យរាជរដ្ឋាភិកម្ពុជា សម្រេចរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដែលនឹង មានថ្នាក់នាំកំពូលៗនៃប្រទេសជាសមាជិក ក្នុងតំបន់អាស៊ី និងអឺរ៉ុបចូលរួម ចំនួន៥៣ប្រទេសនិងដៃគូ ដោយផ្ដោតទៅលើតួនាទីរបស់ ASEM និងបញ្ហាជំងឺកូវីដ-១៩ ទាំងផលប៉ះពាល់ និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩។

គួរជម្រាបថា កិច្ចប្រជុំកំពូលASEM តែងជួបជុំគ្នារៀងរាល់ពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋនិងរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធាននៃស្នងការអឺរ៉ុបនិងអគ្គលេខាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ កិច្ចប្រជុំអាស៊ី-អឺរ៉ុបដែលធ្វើឡើង ជាទៀងទាត់រៀងរាល់២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចប្រកបដោយចីរភាព៕IMG_20210917_131655_238

Comments

Related posts