ក្រុងហុងកុងស៊ើបអង្កេតការស្លាប់របស់បុរសម្នាក់ដែលបានទទួលវ៉ាក់សាំងការពារCovid-19 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

MC. អាជ្ញាធរទីក្រុងហុងកុង កាលពីថ្ងៃអង្គារទី២ខែមិនា បានរាយការណ៍ពីការស្លាប់របស់បុរសម្នាក់ដែលមានជំងឺរ៉ាំរ៉ៃ ពោលគឺ ២ ថ្ងៃបន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងការពារជំងឺCovid-19 ហើយបាននិយាយថា វាឆាប់ពេកក្នុងការសន្និដ្ឋានថា វ៉ាក់សាំងនេះទាក់ទងនឹងការស្លាប់របស់គាត់ឬយ៉ាងណានោះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃពុធ ទី០៣ខែមីនា។ 

ការស្លាប់របស់បុរសនេះបានកើតឡើងមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីក្រុងហុងកុងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនសម្រាប់ជនដែលមានអាទិភាពនិងក្រុមដែលមានហានិភ័យនៅក្នុងទីក្រុង។

បុរសអាយុ ៦៣ ឆ្នាំរូបនេះបានចាក់វ៉ាក់សាំងការពារCovid-19 នៅថ្ងៃទី ២៦ ខែកុម្ភៈនៅកន្លែងចាក់វ៉ាក់សាំង ដែលកំណត់ដោយ រដ្ឋាភិបាល និងដកដង្ហើមខ្លីៗនៅ ២ ថ្ងៃក្រោយមក គឺនៅថ្ងៃទី ២៨ ខែកុម្ភៈ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសុខភាពកាលពីយប់ថ្ងៃអង្គារ។អាជ្ញាធរសុខាភិបាលក្រុងហុងកុងបាននិយាយថាការស្លាប់របស់បុរសនោះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ប្រជាជនជាង ៤ ម៉ឺននាក់នៅទីក្រុងហុងកុងបានចាក់វ៉ាក់សាំងចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន នៅពេលដែលការចាក់វ៉ាក់សាំង បានចាប់ផ្តើម។ រហូតមកដល់ពេលនេះមានមនុស្សជាង ២៥៤,០០០ នាក់ហើយ បានចុះឈ្មោះដើម្បីចាក់វ៉ាក់សាំងនេះ៕

Comments

Related posts