វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តកែប
កែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត កែប បានអញ្ចេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចាក់កៅស៊ូ DBST ប្រវែង ២,០៥៥ម៉ែត្រ និងទទឹង១៨ម៉ែត្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការអញ្ចេីញចូលរួមពីសំណាក លោក អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកំលាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត គណៈអភិបាល ក្រុង-ស្រុក ក្រុមប្រឹក្សា ក្រុង -ស្រុក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋាននៃគម្រោងនេះ។
ក្នុងឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជា ពលរដ្ឋនៅស្រុកដំណាក់ចង្អើរដែលទទួលបានសមិទ្ធផលបន្តបន្ទាប់ពីរាជរដ្ឋាភិបាល សំដៅប្រែក្លាយពីទីជនបទ ផ្សារភ្ជាប់ទៅកាន់ទីប្រជុំជននានា និងជំរុញកំណើនសេដ្ឋ កិច្ច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹក ជញ្ជូនកសិផលគ្រប់ប្រភេទ។
ឯកឧត្តមបន្តទៀតថា ផ្លូវមួយខ្សែនេះ ជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ប្រទាក់ក្រឡាគ្នារវាងក្រុងកែប និងផ្លូវជាតិលេខ ១៣៣២ ដែលជាផ្លូវស្របមាត់សមុទ្រ នេះគឺជាចក្ខុ វិស័យមួយរបស់ខេត្តកែប ដែលកើតចេញពីការខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក៏ដូចជាស្ថាប័នពាក់ព័ន្ធធ្វើឲ្យ សម្រេចបាននូវសមិទ្ធផលមួយនេះឡើង។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដោយ មានការយកចិត្តទុក្ខដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច បើទោះបីក្នុងកាលៈទេសៈលោកទាំងពីរកំពុងតែមមាញឹកក្នុងការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏លោកទាំង ពីរតែងតែជំរុញការកសាងសមិទ្ធផលថ្មីៗ ក្នុងមូលដ្ឋានដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលខេត្តកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ម្យ៉ាង វិញទៀត ក្រោយពីទទួលបានសមិទ្ធផលនេះហើយ ក៏សូម ឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់ ត្រូវចូលរួមថែទាំដាំដើម ឈើ និងប្រើប្រាស់ផ្លូវទាំង នេះ ឲ្យមានប្រយោជន៍ ។នៅរាល់ពេលធ្វើដំណើរ បងប្អូនទាំងអស់គ្នា ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ឯកឧត្ដម អភិបាលខេត្តក៏ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យចូលរួមជាមួយអំពើល្មើស ច្បាប់នានា ដូចជាការកាប់បំផ្លាញព្រៃលិចទឹក ការលេងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀនជាដើម ។ល។ ជាពិសេសទៅទៀតនោះ ត្រូវការពារខ្លួន ដេីម្បីចៀសផុតពីការឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ ៣កុំ និងវិធានការនានា របស់ក្រសួងសុខាភិបាល៕
Comments