ព័ត៌មានថ្មីៗ:សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប“ជ្រោងទង់​ដ៏​មហិមា​ សម្រេច​សុបិន​ដ៏​មហិមា​”ស៊ី ជីងភីង ៖ ការប្រកាន់ខ្ជាប់នូវជំនឿទុកចិត្តខាងវប្បធម៌ គឺជា ចំណុចដ៏សំខាន់មួយយុទ្ធសាស្រ្ត "ខ្សែក្រវាត់មួយផ្លូវមួយ" ត្រូវបានលោក ស៊ី ជីនភីង បានគ្រោងស្ថាបនាបន្ទាប់ពី សមាជបក្សកុម្មុយនិស្តចិនលើកទី១៨ ដែលបានកន្លងផុតទៅពង្រឹងមូលដ្ឋានសុខភាពល្អប្រសើរ របស់ប្រទេសចិន ដើម្បីសម្រេចការធ្វើឲ្យ ប្រជាជាតិចិនងើបឡើងវិញ
លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០១៧
ចេញផ្សាយ  ៣១-ធ្នូ-២០១៦    ដោយ : SengChhay

ក្នុងឱកាសបុណ្យចូលឆ្នាំថី្មឆ្នាំសកល២០១៧ជិតឈានចូលមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លងតាមរយៈវិទ្យុអន្តរជាតិចិន វិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយទូរទស្សន៍មជ្ឈិមចិន បណ្តាញទូរទស្សន៍អន្តរជាតិចិននិងបណ្តាញអ៊ីធឺណែតដើម្បីថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១៧។

សុន្ទរកថាជូនពរមានខ្លឹមសារដូចតទៅ៖


អស់លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖
ឆ្នាំ ២០១៦ ជិតនឹងកន្លងផុតទៅហើយ ស្នូរជួងឆ្នាំថ្មីនឹងបន្លឺឡើង។ ក្នុងខណៈពេលដែលយើងទាំងអស់គ្នាលាឆ្នាំចាស់និងទទួលអបអរឆ្នាំថី្ម ខ្ញុំសូមជូនពរឆ្នាំថី្មយ៉ាងស្មោះចំពោះប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ ជនរួមជាតិតៃវ៉ាន់និងអាណិកជនចិននៅឯនាយសមុទ្រ ព្រមនិងមិត្តភក្តិទាំងឡាយដែលរស់នៅគ្រប់តំបន់និងប្រទេសនានានៅទូទាំងពិភពលោក !


និយាយចំពោះប្រជាជនចិន ឆ្នាំ ២០១៦ គឺជាឆ្នាំមិនធម្មតាមួយ ហើយក៏ជាឆ្នាំមួយដែលមិនអាចបំភ្លេចបាន ដោយឡែកផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៣ ក៏មានការចាប់ផ្តើមដ៏ល្អប្រសើរផងដែរ ។ យើងបានសកម្មអនុវត្តទស្សនៈអភិវឌ្ឍន៍បែបថី្ម ពន្លឿនដំណើរកសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ជំរុញឲ្យកំណើនសេដ្ឋកិច្ចប្រទេសចិនបន្តឈរនៅលំដាប់នាំមុខនៅលើពិភពលោកតទៅទៀត ។ យើងទាំងអស់គ្នាសកម្មជំរុញឲ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យកំណែទម្រង់ផ្នែករចនាសម្ព័ន្ធផ្គត់ផ្គង់បោះជំហានដ៏សំខាន់មួយ ការកែទម្រង់ខាងកិច្ចការពារជាតិនិងកងទ័ពទទួលបានការវាយទម្លុះដ៏ធំនិងសំខាន់ ក្របខ័ណ្ឌសំខាន់នៃការកែទម្រង់លើវិស័យនានាដែលត្រូវបានទ្រទ្រង់ដោយធ្នឹមនិងសសរទ្រូងបានបង្កើតជាមូលដ្ឋានរួចហើយ ។ យើងសកម្មជំរុញអភិបាលកិច្ចតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យកំណែទម្រង់ប្រព័ន្ធច្បាប់មានភាពកាន់តែស៊ីជម្រៅ ជំរុញភាពយុត្តិធម៌ផ្នែកច្បាប់ដោយពេញទំហឹង គាំពារសមភាពនិងយុត្តិធម៌ក្នុងសង្គម ។ យើងសកម្មជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ប្រកាន់ខ្ជាប់មិនងាករេនូវការប្រឆាំងនឹងអំពើពុករលួយ មិនថាមន្រ្តីតូចឬធំ ឲ្យតែប្រព្រឹត្តិអំពើពុករលួយ គឺត្រូវដាក់ទោសតាមច្បាប់ បន្តធ្វើឲ្យបរិយាកាសនយោបាយមានភាពស្អាតស្អំ ក៏ដូចជាបន្តធ្វើឲ្យឥរិយាបថរបស់បក្ស ឥរិយាបថនយោបាយ និងឥរិយាបថសង្គមត្រូវបានកែលំអតទៅទៀត ។


នៅឆ្នាំ២០១៦ កែវយឹតយក្សFAST ជាកែវយឹតអវកាសបានកសាងរួច ផ្កាយរណបWuKong បានធ្វើដំណើរក្នុងតារាវិថីអស់ពេលមួយឆ្នាំ ផ្កាយរណបMo Zi បានត្រូវបង្ហោះឡើងទៅកាន់ទីអវកាស យានអវកាសShen Zhou លេខ១១និងយានអវកាសTian Gong លេខ ២ កំពុងហោះហើរនៅក្នុងលំហអវកាស កីឡាករប្រទេសចិនទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាអូឡាំពិចក្រុងរីយ៉ូ ក្រុមបាល់ទះស្ត្រីនៃប្រទេសចិនបានឈរលើវេទិកាផ្តល់រង្វាន់ខ្ពស់បំផុតនៃការប្រកួតកីឡាអូឡាំពិចបន្ទាប់ពីឃ្លាតអស់១២ ឆ្នាំ…តាមរយៈ ការកែទម្រង់ អ្នកក្រុងដែលមកពីទីជនបទមានជីវភាពកាន់តែល្អប្រសើរ លក្ខខណ្ឌទទួលបានការអប់រំរបស់កុមារនៅតំបន់ក្រីក្រជាច្រើនបានមានភាពកាន់តែល្អប្រសើរ ពលរដ្ឋទូទៅអាចធ្វើអត្តសញ្ញាណប័ណ្ណនៅតំបន់ក្រៅដោយមិនបាច់ត្រឡប់ទៅស្រុកកំណើតវិញ មនុស្សមួយចំនួនដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណក្នុងរយៈពេលយូរអាចចុះឈ្មោះសុំធ្វើអត្តសញ្ញណប័ណ្ណថ្មី ប្រជាជនជាច្រើនមានគ្រូពេទ្យប្រចាំគ្រួសារ ទឹកទន្លេនីមួយៗសុទ្ធតែមានអ្នកអភិរក្ស…ប្រការទាំងនេះញ៉ាំងឲ្យយើងខ្ញុំមានក្តីសោមនស្សរីករាយជាពន់ពេក។


ឆ្នាំ ២០១៦ នៅក្បែរបឹង Xi Zi ដែលមានទេសភាពដ៏ស្រស់ស្អាត ប្រទេសចិនបានរៀបចំសនិ្នសីទកំពូលលើកទី ១១របស់អ្នកដឹកនាំនៃប្រទេសG២០ ដែលជាការរួមចំណែកនូវតម្រិះប្រាជ្ញារបស់ប្រទេសចិន និងការគ្រោងផែនការអភិវឌ្ឍន៍របស់ប្រទេសចិនចំពោះពិភពលោក ហើយក៏បានបង្ហាញពីរូបភាពប្រទេសចិនព្រម និងស្មារតីនិងឥរិយាបថប្រទេសចិនទៅកាន់ពិភពលោកផងដែរ។ កិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយត្រូវបានពន្លឿនជាបន្តបន្ទាប់ ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ យើងទាំងអស់គ្នាប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព គាំពារយ៉ាងមុតមាំនូវបូរាណភាពទឹកដីក៏ដូចជាសិទ្ធិនិងផលប្រយោជន៍លើសមុទ្រ។ ប្រសិនបើបុគ្គលណាបង្ករឿងក្នុងបញ្ហានេះ នោះប្រជាជនចិននឹងមិនយល់ព្រមជាដាច់ខាត ។


ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ នៅតំបន់ជាច្រើនបានកើតមានគ្រោះមហន្តរាយធម្មជាតិនិងឧប្បតិ្តហេតុផ្នែកសនិ្តសុខ ធ្វើឲ្យសុវត្ថិភាពខាងអាយុជីវិតនិងទ្រព្យសម្បតិ្តរបស់ប្រជាជនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ យើងខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ សមាជិកប៉ុន្មានរូបនៃកងកម្លាំងរក្សាសន្តិភាពរបស់ប្រទេសចិនបានពលីជីវិតដែលជាការរួមចំណែកដ៏ថ្លៃថ្លាបំផុតដើម្បីបុព្វហេតុសុខសន្តិភាពរបស់ពិភពលោក យើងទាំងអស់គ្នាសូមរំលឹកដល់គុណបំណាច់របស់ពួកគាត់ ហើយនិងជួយថែរក្សាក្រុមគ្រួសាររបស់ពួកគាត់ឲ្យបានល្អ។


ឆ្នាំ ២០១៦ យើងបានអបអរខួបទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តចិនយ៉ាងឱឡារិក ព្រមនិងរំលឹកខួបទី ៨០ នៃការទទួលបានជោគជ័យនៃមហាដំណើររបស់កងទ័ពបដិវត្តន៍កម្មករនិងកសិកររបស់ប្រទេសចិន យើងត្រូវចងចាំនូវគុណូបការៈរបស់បុព្វបុរសដែលបានរួមវិភាគទានយ៉ាងធំធេងដល់ប្រជាជននិងប្រជាជាតិចិន មិនបំភ្លេចគោលបំណងដើម និងបោះជំហានទៅមុខជាបន្តទៀត ។


អស់លោកលោកស្រី !
រឿងរ៉ាវផ្លាស់គ្នាឥតឈប់ឈរ រឿងថ្មីកើតឡើងជាបន្តបន្ទាប់។ក្នុងឆ្នាំ ២០១៧ ដែលជិតឈានចូលមកដល់នេះ បក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ កសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ធ្វើឲ្យការកែទម្រង់មានភាពកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ ជំរុញអភិបាលកិច្ចតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ បន្តគ្រប់គ្រងគណបក្សយ៉ាងម៉ឺងម៉ាត់និងគ្រប់ជ្រុងជ្រោយ ។ គ្មានបុគ្គលណាម្នាក់អាចទទួលបានសមិទ្ធផលដោយគ្មានភាពឧស្សាហ៍ព្យាយាមនោះឡើយ មានតែការខិតខំតស៊ូទើបអាចសម្រេចសុបិនបាន ។


មិនអាចបោះបង់ចោលអ្នកណាម្នាក់ក្នុងដំណើរកសាងជីវភាពរស់នៅដោយភាពធូរធារនោះទេ ! ក្នុងអំឡុងពេល ១ ឆ្នាំកន្លងទៅនេះ មានអ្នកក្រីក្រជាង ១០ លាននាក់បានដើរចេញផុតពីភាពក្រីក្រ ។ ខ្ញុំសូមកោតសរសើរចំពោះបុគ្គលគ្រប់រូបដែលបានធ្វើការខិតខំតស៊ូក្នុងវិស័យសំខាន់ៗសម្រាប់ការលុបបំបាត់ភាពក្រីក្រ ។ ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលនេះ អ្នកដែលខ្ញុំនឹករលឹកគឺ ប្រជាជនក្រីក្រ តើពួកគាត់មានអ្វីទទួលទានឬអត់ មានការស្នាក់នៅយ៉ាងណា អាចឆ្លងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនិងឆ្នាំថ្មីប្រពៃណីចិនដោយភាពរីករាយឬអត់ ? ខ្ញុំបានដឹងទៀតថា មានប្រជាជនមួយចំនួនបានប្រឈមនឹងការលំបាកមួយចំនួនក្នុងការរកការងារធ្វើ ការអប់រំរបស់បុត្រធីតា ការព្យាបាលជំងឺ និងលំនៅដ្ឋានជាដើម ការដោះស្រាយបញ្ហាទាំងនេះជាបន្តបន្ទាប់ជាកាតព្វកិច្ចដែលមិនអាចគេចវេះបានរបស់បក្សនិងរដ្ឋាភិបាល ។ គណបក្សទាំងមូលនិងសង្គមទាំងមូលត្រូវបន្តផ្តោតការយកចិត្តទុកដាក់និងផ្តល់ការជួយជ្រោមជ្រែងដល់អ្នកក្រីក្រនិងប្រជាជនដែលមានការលំបាក ដើម្បីញ៉ាំងឲ្យសមិទ្ធផលនៃការកែទម្រង់អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន និងញ៉ាំងឲ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អបវរនិងប្រកបដោយសេចក្តីសុខសុភមង្គល។


រួមចិត្តរួមថ្លើមតែមួយនឹងអាចទទួលបានជោគជ័យ ។ ឲ្យតែប្រជាជនជាង ១៣០០ លាននាក់អាចសាមគ្គីគ្នាជាធ្លុងមួយនិងពុះពារឧបសគ្គជាមួយគ្នា ឲ្យតែគណបក្សយើងរួមចិត្តរួមគំនិតគ្នាជាមួយប្រជាជនជាដរាប ធ្វើការខិតខំប្រឹងប្រែងទាំងអស់គ្នា នោះយើងប្រាកដជាអាចបង្កើតជាមហាដំណើរជំនាន់ថ្មីបានយ៉ាងល្អប្រសើរជាក់ជាពុំខាន ។

អស់លោកលោកស្រី !
ប្រជាជនចិនផ្តួចផ្តើមជាប់រហូតនូវពិភពលោកដែលមានភាពចុះសម្រុងគ្នា ជាមហាគ្រួសារតែមួយ ។ ប្រជាជនចិនមិនគ្រាន់តែសង្ឃឹមថាជីវភាពរស់នៅរបស់ខ្លួនមានភាពល្អប្រសើរប៉ុណ្ណោះទេ ហើយក៏សង្ឃឹមដែរថា ប្រជាជននៃបណ្តាប្រទេសនានាលើលោកមានជីវភាពរស់នៅដ៏ល្អប្រសើរផងដែរ ។ បច្ចុប្បន្ន សង្រ្គាមរ៉ាំរ៉ៃនិងភាពក្រីក្រនៅតែជាបញ្ហាដែលប៉ះពាល់ដល់ប្រទេសនិងតំបន់មួយចំនួន ហើយជំងឺនិងគ្រោះមហន្តរាយធម្មជាតិក៏វាយប្រហារទៅលើប្រជាជនជាច្រើនផងដែរ ។ ខ្ញុំសង្ឃឹមដោយស្មោះថា សហគមន៍អន្តរជាតិអាចប្រកៀកស្មាគ្នា ប្រកាន់ខ្ជាប់ទស្សនៈអំពីសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ដើម្បីកសាងភពផែនដីយើងឲ្យកាន់តែមានសុខសន្តិភាពនិងរុងរឿងថ្កុំថ្កើង ។
សូមយើងនាំគ្នាស្តាប់សំឡេងជួងឆ្នាំថ្មីប្រកបដោយទំនុកចិត្តនិងការរំពឹងទុក !

សូមអរគុណ !
ប្រិយមិត្តជាទីមេត្រី លោកអ្នកទើបបានស្តាប់សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០១៧របស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងមុនពេលចូលឆ្នាំថ្មីឆ្នាំសកល និងផ្សាយតាមវិទ្យុអន្តរជាតិចិន វិទ្យុប្រជាជនមជ្ឈិមចិន ស្ថានីយទូរទស្សន៍មជ្ឈិមចិន បណ្តាញទូរទស្សន៍អន្តរជាតិចិននិងបណ្តាញអ៊ីនធើណេត ។ សូមអរគុណការតាមដានស្តាប់របស់លោកអ្នក !

ត្រលប់ក្រោយ >>