វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ស្ថាប័នប៉ូលិសពិភពលោក Interpol បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១០កុម្ភៈ) ថា ខ្លួននឹងមិនផ្តល់ជំនួយដល់ប្រទេសក្នុងស្ថានភាពដែលពាក់ព័ន្ធនឹងនយោបាយក្នុងស្រុកនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានប្រកាសថាខ្លួនបានស្វែងរកការគាំទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “Interpol នឹងមិនផ្តល់ជំនួយសម្រាប់សំណើណា មួយដែលអាចទាក់ទាញស្ថាប័នពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងស្រុកដូចជាការជូនដំណឹងដែលស្នើសុំសម្រាប់គូប្រជែងនយោបាយ អ្នករិះគន់រដ្ឋាភិបាល ឬក្នុងបរិបទនៃរដ្ឋប្រហារ។"
លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសបានធ្វើសន្និសីទការទូតសម្រាប់ឯកអគ្គរដ្ឋទូត និងមន្ត្រីអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារនៅទីក្រុងយ៉ាំងហ្គោន។ ក្នុងអំឡុងសន្និសីទសារព័ត៌មាន លោក Wunna Maung Lwin បានចោទប្រកាន់ NUG គណៈកម្មាធិការតំណាងរដ្ឋសភា Pyidaungsu Hluttaw (CRPH) និងកងកម្លាំងការពារប្រជាជន (PDF) អំពីអំពើភេរវកម្ម ដូចជាការសម្លាប់ជនស៊ីវិលស្លូតត្រង់ និងបុគ្គលិករដ្ឋាភិបាល និងធ្វើឱ្យខូចខាតអគារសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ និងស្ពានជាដើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសដែលត្រូវបានតែងតាំងដោយកងទ័ពមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនបានជូនដំណឹងដល់ស្ថាប័នប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ប្រធានប៉ូលីសអាស៊ាន (ASEANPOL) និង Interpol ដើម្បីបដិសេធ NUG, CRPH, PDF ដោយអំពាវនាវឱ្យមាន "កិច្ចសហប្រតិបត្តិការជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។ NUG បាននិយាយថា ខ្លួននឹងប្រើប្រាស់ភស្តុតាងដែលប្រមូលបាន ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់តាមរយៈបណ្តាញអន្តរជាតិផ្សេងៗ រួមទាំងតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ។ ចាប់តាំងពីរដ្ឋប្រហារមក ជនស៊ីវិលជាង ១,៥០០ នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់ដោយកងទ័ពមីយ៉ាន់ម៉ា ដោយផ្អែកលើទិន្នន័យដែលចងក្រងដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ៕
Comments