ក្រសួងសាធារណការគ្រោងពិចារណាសិក្សាផ្លូវដែក តភ្ជាប់មកកំពង់ផែ LM១៧ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំ ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ សិក្សាផ្លូវដែក តភ្ជាប់មកកំពង់ផែស្វយ័តភ្នំពេញ LM១៧ស្ថិតក្នុងស្រុក កៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ភាពងាយស្រួលក្នុងការ ដឹកជញ្ជូនទំនិញ និងជំរុញកំណើនសេដ្ឋកិច្ច ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា រហេដ្ឋារចនាសម្ព័ន្ធចំណងផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់ កំពង់ផែស្វយ័តភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងនឹងខិតខំធ្វើ យ៉ាងណាពង្រីកកំពង់ផែ LM១៧ នេះ ឱ្យមានសមត្ថភាពទទួលបាន៩០ម៉ឺនទូ  ខណៈដែលកំពង់ផែនេះមានសារសំខាន់ណាស់ ក្នុងការផ្ទុកនិងដឹកជញ្ជូនទំនិញ ។

Untitled-1-25
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ទាក់ទងនឹងការដឹកទំនិញនេះដែរ ឯកឧត្តមក៏បានឱ្យឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ទទួលបន្ទុកផ្លូវដែក ជួយក្នុងការជួសជុលផ្លូវដែកតភ្ជាប់ទៅគីឡូលេខ៦ ឡើងវិញ ដែលជាចំណតផែរណប ដើម្បីបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈ  កាត់បន្ថយភាពកកស្ទះចរាចរណ៍ ។ បន្ថែមពីនោះទៀត គួរពិចារណាក្នុងការតភ្ជាប់ ផ្លូវដែកពីស្ថានីយធំ មក ផ្លូវកំពង់ផែ LM១៧ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព ។
សំឡេង»គួរពិចារណាការតភ្ជាប់ផ្លូវដែក មកកំពង់ផែLM១៧ ត្រូវតែពិចារណាសិក្សាមើលការតភ្ជាប់ពីផ្លូវដែករបស់យើងនេះ ដែលមានស្រាប់មកកំពង់ផែបានឬមិនបាន ឬតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេស ដែលកំពង់ផែស្វយ័ត មានទីតាំងរបស់ខ្លួន មានដីរៀបចំតំបន់សេដ្ឋកិច្ចពិសេសគួរតែពិចារណា» ។
គួរជម្រាបថា ចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ នេះមានទីតាំងនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល លើផ្ទៃដីទំហំ ២,៧៥ ហិកតា។ គម្រោងនេះស្ថាបនាដោយក្រុមហ៊ុន សៀង ហៃខនស្ត្រាក់សិន តាមរយៈនីតិវិធីដេញថ្លៃអន្តរជាតិ សាធារណៈ ដោយបានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ ២០១៩ និងបញ្ចប់នាពាក់កណ្តាលឆ្នាំ ២០២១។
គម្រោងនេះបានប្រើប្រាស់ទុនវិនិយោគប្រមាណ ១៨,៤ លានដុល្លារ ដែលជាថវិកាផ្ទាល់របស់ ក.ស.ភ. ទាំងអស់បានមកពីប្រាក់ចំណេញ និងប្រាក់សន្សំអភិវឌ្ឍសហគ្រាស ៕

Comments

Related posts