ការអប់រំកុមារឲ្យចេះច្បាប់ចរាចរណ៍នឹងជួយកម្ពុជារួចផុតពីគ្រោះថ្នាក់នៅលើដងផ្លូវ

49

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

អ្នកជំនាញថា ការអប់រំកុមារតាមសាលារៀនឲ្យចេះដឹងច្បាប់ចរាចរណ៍ នឹងជួយឲ្យកម្ពុជារួចផុតពីគ្រោះថ្នាក់នៅលើដងផ្លូវ ដែលធ្វើឲ្យមានអ្នកស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ខណៈរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រ ដើម្បីឈានទៅរកការអភិវឌ្ឍដោយចីរភាព។

លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា ការអប់រំកុមារឲ្យយល់ដឹងពីសុវត្ថិភាពនៅពេលជិះកង់ ជិះម៉ូតូទៅសាលារៀន តាមរយៈប្រកាន់ស្តាំ គោរពសិទ្ធអាទិភាព ប្រុងប្រយ័ត្នរាល់ពេលបត់ឬឆ្លងផ្លូវ និងការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ជាដើមនេះ នឹងអាចឲ្យកម្ពុជារួចផុតពីគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងធ្វើឲ្យមានការភ័យបារម្ភទាំងអស់គ្នា។


ថ្លែងក្នុងពិធីបិទយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សិស្សបឋមសិក្សា ក្រោមគម្រោងគាំទ្រពីមូលនិធិសមាហរណកម្មជប៉ុន អាស៊ាន នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោកជំទាវ បានលើកឡើងថា ការអប់រំកុមារពីសុវត្ថិភាពចរាចរណ៍ នឹងពញ្ញាក់ស្មារតីឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍ ខណៈទំហំគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ន នៅតែបង្កឲ្យមានមនុស្សស្លាប់ របួស ពិការ និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ក្នុងពេលរាជរដ្ឋាភិបាលខិតខំសាងសង់ផ្លូវស្ពានខ្វាត់ខ្វែងនៅគ្រប់ទីកន្លែង ដើម្បីសម្រួលដល់ចរាចរណ៍ដឹកជញ្ជូន បម្រើឲ្យគ្រប់ផ្នែក គ្រប់វិស័យ តាមតម្រូវការរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជាអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បានជាមួយការយកចិត្តទុកដាក់លើការអប់រំកុមារឲ្យយល់ដឹងពីសុវត្ថិភាពចរាចរណ៍ ដោយសារពួកគេជាគំរូ ក៏ដូចជាក្រុមបង្គោលមួយដែល ផ្តល់ការអប់រំបន្តទៅកាន់ឪពុកម្តាយ ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ។
សូមបញ្ជាក់ថា មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន បានគាំទ្រលើការអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈផ្តោតលើការអប់រំបណ្តុះបណ្តាលកុមារអំពីសុវត្ថិភាពចរាចរណ៍នៅតាមសាលាបឋមសិក្សាដែលប្រឈមគ្រោះថ្នាក់ចរាចរណ៍ចំនួន៥៨សាលា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ សំដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់សិស្សថ្នាក់បឋមសិក្សា ដោយផ្តោតសំខាន់លើប្រធានបទ «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ»។
គម្រោងគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីការសិក្សាបានរកឃើញថា កុមារ ក៏ដូចជាអ្នកថ្មើរជើង អ្នកជិះកង់ និងមនុស្សចាស់ ជាក្រុមបុគ្គលដែលងាយរងគ្រោះខ្លាំងបំផុត ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានញឹកញាប់ ដោយកត្តាបើកបរក្នុងល្បឿនលឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ មិនប្រកាន់ស្តាំ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង