ព្រះមហាក្សត្រសព្វព្រះរាជហប្ញទ័យ ចំពោះការរក្សាបាននូវសុវត្ថិភាពក្នុងព្រះរាជដំណើរប្រារព្ធពិធីរុក្ខទិវានៅខេត្តក្រចេះ

16

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត ចន្ធូ ១១ ០៧ ២០១៩

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហប្ញទ័យចំពោះការរក្សាបាននូវសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្លាប់ ក្នុងព្រះរាជដំណើរស្តេចយាងប្រារព្ធពិធីរុក្ខទិវានៅ ខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅនេះ។


សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុងសារលិខិតជូនអាជ្ញាធរខេត្តក្រចេះ ថា ព្រះករុណាជាម្ចាស់ជិវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានសេចក្ដីថ្លែងអំណរគុណ ចំពោះអាជ្ញាធរ ព្រមទាំងមន្ដ្រីរាជការទាំងអស់នៃខេត្តក្រចេះ ដែលបានរៀបចំរក្សាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្លាប់ ថ្វាយព្រះរាជដំណើរស្ដេចយាងប្រារព្ធពិធីរុក្ខទិវា នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅនេះ។


សេចក្ដីថ្លែងអំណរគុណរបស់ក្រសួងព្រះបរមរាជវាំង ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ១១ ខែកក្កដានេះ បានបញ្ជាក់ថា អង្គព្រះមហាក្សត្រ បានប្រទានពរបរវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំខេត្តក្រចេះ និងសហការីទាំងអស់ ចំពោះកិច្ចសហការរក្សាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្លាប់ ក្នុងពេលដំណើរយាងរបស់ព្រះអង្គក្នុងរុក្ខទិវាជាតិនេះ។
គួររំឭកថា ក្នុងឱកាសព្រះរាជពិធីរុក្ខទិវាជាតិ ៩ កក្កដា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យដាំកូនឈើជាង១ម៉ឺនដើម លើផ្ទៃដីទំហំ១០ហិកតា ស្ថិតនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីជាវីរៈគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅទូទំាងប្រទេស រួមគ្នាស្រឡាញ់ការពារធនធានព្រៃឈើ ដែលជាឧត្តមប្រយោជន៍ដ៏សំខាន់ក្នុងកិច្ចគាំពារ បរិស្ថានឲ្យកាន់តែល្អប្រសើរ។៕

អត្ថបទដែលជាប់ទាក់ទង