រដ្ឋបាលខេត្តព្រះសីហនុបង្កើនការធ្វើយុទ្ធនាការបំផុសឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថាន

61

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ ៖

រដ្ឋបាលខេត្តព្រះសីហនុបង្កើនការធ្វើយុទ្ធនាការបំផុសឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ បរិស្ថាន ដើម្បីធានាឲ្យខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះកាន់តែមានសោភ័ណភាពស្រស់បំព្រងសម្រាប់ទាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តបានកាន់តែច្រើនឡើងវិញ ។


រដ្ឋបាលខេត្តព្រះសីហនុបានអៈអាងថា អាជ្ញាធរខេត្តចាប់ផ្តើមពង្រឹងនានាជាច្រើនដើម្បីលុបបំបាត់គំនរសំរាមស្អុយរលួយនៅតាមដងផ្លូវសាធារណៈ តាមរយៈអោយប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវដាក់ក្នុងធុងសំរាមឬនៅទីតាំងដែលបានកំណត់ ដើម្បីផ្តល់ភាពងាយស្រួលឲ្យភ្នាក់ងារប្រមូលសំរាមបានស្អាត ដែលមិនមានសំរាមរាយប៉ាយនៅតាមដងផ្លូវសាធារណៈ ។


លោក ឡេង គឹមស្រុន នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរក៏ពង្រឹងវិធានាការសំអាតអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរនានានៅទូទំាងខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់សោភ័ណភាពឆ្នេរឲ្យបានស្រស់ស្អាតសម្រាប់បង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
 ខេត្តព្រះសីហនុយើងជាខេត្តទេសចរណ៍ភ្ញៀវមកកម្សាន្ត អញ្ចឹងកាលណាសោភ័ណភាពល្អ ល្អអនាម័យល្អ អ្នកទេសចរគាត់មកលេងកម្សាន្តកាន់តែច្រើន ជាពិសេសអ្នកដែលមកវិនិយោគ ដូចជាអ្នកមកប្រកបអាជីវកម្ម គាត់ក៏កាន់តែមានភាពទាក់ទាញ អញ្ចឹងយើងឃើញហើយថាអនាម័យគឺនាំមកនូវសុខភាព ហើយនឹងតម្លៃ និងកិត្តិយស និងភាពថ្លៃថ្នូរ ក៏ដូចជាលើកកម្ពស់នូវកិត្យានុភាពយើងផងដែរ ។
លោក ឡេង គឹមស្រុន នាយករដ្ឋបាលសាលាក្រុងព្រះសីហនុបានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំកម្មវិធីយុទ្ឋនាការសម្អាតអនាម័យ បរិស្ថានទីក្រុង ឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីការសម្អាតអនាម័យបរិស្ថានដោយ មិនត្រូវយកមកដាក់ចោលតាមទីសាធារណៈ តាមផ្លូវ មាត់លូ ដែលនិងធ្វើឲ្យជះក្លិនស្អុយ ពិសេសត្រូវធ្វើយ៉ាងណារួមគ្នាថែរក្សាបរិស្ថានអោយបានល្អ និងមានអនាម័យ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា រដ្ឋបាលខេត្តព្រះសីហនុបានធ្វើ យុទ្ឋនាការសម្អាតអនាម័យ បរិស្ថានទីក្រុង ដែលមានអ្នកចូលប្រមាណជាង៤ពាន់នាក់ ព្រមទាំងមានរថយន្តសម្រាប់សម្អាតប្រមាណ២០០ គ្រឿង និងបែងចែកជា៤គោលដៅ នៅតំបន់ឆ្នេរអូឈើទាល បរិវេណសួនច្បារវិមាណឯករាជ្យ តំបន់សួនមហោស្រពនិងតំបន់សាលាបឋមសិក្សាឃ្លំាងលើ ៕

អត្ថបទដែលជាប់ទាក់ទង