រដ្ឋមន្រ្ដីក្រសួងកសិកម្មជំរុញអោយព្រះសង្ឃនិងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព

50

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ៖

ខេត្តកំពង់ចាម​៖​ រដ្ឋមន្រ្ដីក្រសួងកសិកម្មជំរុញអោយព្រះសង្ឃនិងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាពដើម្បីធានាអោយកម្ពុជាកាន់តែមានការអភិវឌ្ឍហើយប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ។


ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអៈអាងថា ការរក្សាបានសុខសន្តិភាពគឺធានាអោយប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរំខាន។


ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងដូច្នេះឯកឧត្តមនិងលោកជំទាវ ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា បាននាំទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១០ ស្ថុតនៅចំនួនឃុំ៣គឺឃុំកោះមិត្ត ឃុំកោះរកា និងឃុំកោះទទឹម ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ឯកឧត្តមក៏បានរំលឹកថា ការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ គឺបានប្រែក្លាយពីប្រទេសអសន្តិសុខសង្គម មកជាប្រទេសមានសុខសន្តិភាព សុខសុវត្ថិភាព ប្រជាធិបតេយ្យពេញលេញ ប្រទេសអសន្តិសុខស្បៀង ទុរគតភាព មកជាប្រទេសម្ចាស់ការលើការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង រហូតក្លាយជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញនាពេលបច្ចុប្បន្ន។ឯកឧត្តមបន្តថា ការអនុវត្តគោលនយោបាយសមាហរណកម្ម ការបង្រួបបង្រួមជាតិ និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិទាំងមូលគ្របដណ្តប់ដោយម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលជាដើមចមធ្វើឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងសុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងជាពិសេសបង្កលក្ខណ:ងាយ ស្រួល និងបង្កើតឱកាសសុខដុមនីយកម្មដល់ការប្រកបរបរទទួលទានប្រចាំថ្ងៃ ការវិនិយោគ និងការអភិវឌ្ឍ។ ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់អំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជាពិសេសទូទាំងស្រុកសូមបន្តគាំទ្រ និងថែរក្សាសុខសន្តិភាព ស្ថិរភាព ដដើម្បីផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលបន្តដឹកនាំប្រទេសឈានទៅសម្រេចឲ្យបានចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សូមជម្រាបថា វត្តទាំង១០នេះក្នុង១វត្តៗក្រៅពីទទួលបានទៀនវស្សា ០១គូ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗទៀត ក៏ទទួលបានថវិកាចំនួន ១ ១០០ ០០០ រៀលស្នើៗគ្នាផងដែរ។ ដោយឡែក វត្តទួលស្រែដែលមានការខ្វះខាតជាងគេ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយ: ឯកឧត្តមប្រធានក្រុមការងារជួយឧបត្ថម្ភថវិកាចំនួន ២០លានរៀលបន្ថែមទៀត។
ជាមួយគ្នានេះនៅរសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ និងលោកជំទាវ ព្រមជាមួយ សហការី និងក្រុុមការងារចុះជួយឃុំរអាងបន្តនាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនជូនព្រះ សង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៣ គឺវត្តពោធិវ័ន្តរអាងលើ វត្តពោធិជ័យរអាងក្រោម និងវត្តភ្នំកែវរមូល។
គួររំលឹកថា ការនាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានេះ គឺជាប្បវេណីដ៏សំខាន់ ដើម្បីជួយទំនុកបំរុងនិងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ ខណៈ ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌និងវិន័យអោយបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។

អត្ថបទដែលជាប់ទាក់ទង