ក្រសួងបរិស្ថានណែនាំឲ្យមន្រ្តីឧទ្យានុរក្សទាំងអស់រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន

48

វិទ្យុជាតិកម្ពុជា៖


ក្រសួងបរិស្ថានណែនាំឲ្យមន្រ្តីឧទ្យានុរក្សទាំងអស់ត្រូវតែចូលរួមឲ្យបានកាន់តែសកម្មក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីធានាប្រសិទ្ធភាពនៃការលុបបំបាត់ បញ្ហាគ្រឿងញៀននៅក្នុងសង្គមកម្ពុជា។


ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍ មេរោគអេដស៍ និងឥទ្ធិពលគ្រឿងញៀននៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៣ខែកក្កដាឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សទាំងអស់ដែលជានគរ បាលយុត្តិធម៌មិនត្រឹមតែមានភារៈកិច្ចថែទាំអភិរក្សធនធានធម្មជាតិអោយបានល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែចូលរួមឲ្យ កាន់តែសកម្មថែមទៀតទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការចូលរួមអប់រំពីកក្តាហានិភ័យនៃការសេពគ្រឿងញៀនដល់សហគមន៍ហើយរួមគ្នាទប់ស្កាត់ ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ គឺដើម្បីធានាឲ្យសង្គមមានសុវត្ថិភាពមិនបារម្ភភ័យខ្លាចពីបញ្ហាគ្រឿងញៀន។


លោកឧត្តមសេនីយ៍ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តានីតិសម្បទា បានមានប្រសាសន៍ថាដោយសារបញ្ហាគ្រឿងញៀននៅលើសកលលោកមិនមានសញ្ញាថមថយ បានធ្វើឲ្យកម្ពុជានៅតែបន្តទទួលរងនូវផលប៉ះពាល់ពីការចរាចរឆ្លងកាត់ព្រំដែនចេញពីបណ្តា ប្រទេសជិតខាងដែលភាគច្រើនគឺចូលតាមច្រកផ្លូវគោកនៃបណ្តាខេត្តនៅភាគឦសានប្រទេស។
លោកឧត្តមសេនីយ៍បញ្ជាក់ថាការចូលរួមរបស់ឧទ្យានុរក្សការពារបរិស្ថានលើសកម្មភាពប្រយុទ្ធ ប្រឆាំងគ្រឿងញៀននឹងបានជួយបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែនគឺសំខាន់ចាំបាច់ ណាស់ដើម្បីសុវត្ថិភាពសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង