លិខិតចំហរ ជូន លោក ប៊្រែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch)

56

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ វាពិតជាឈឺចាប់ណាស់ សម្រាប់ប្រទេសកម្ពុជាដ៏តូចមួយនេះ ដែលតែងតែទទួលរងការវាយប្រហារធ្វើទុក្ខបុកម្នេញមិនចេះចប់មិនចេះហើយ ពីសំណាក់អស់លោកជាបរទេសបម្រើមហិច្ចតាប្រទេសមហាអំណាចមួយចំនួន។ ពួកលោកតែងតែជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា ដាក់គំនាប គៀបសង្កត់ប្រទេសមួយនេះគ្មានស្រាកស្រាន្ត ដើម្បីផលប្រយោជន៍អស់លោក និងគ្នីគ្នា ខណៈដែលប្រទេសកម្ពុជាកំពុងតែតស៊ូងើបឡើងទៅកាន់ភាពរឹងមាំមួយនៃនយោបាយស្របតាមលទ្ធិប្រជាធិបតេយ្យ។

ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានចូលរួម និងវាយតម្លៃថាការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងមានការចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំនួន ៨២.៨៩%។ ផ្ទុយទៅវិញ លោកបែរជាប្រកាសឲ្យគេឈប់ហៅព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថាជាការបោះឆ្នោត ដោយសំអាងថាមិនមែនជាការបោះឆ្នោតពិតប្រាកដតាមបែបប្រជាធិបតេយ្យ ហើយលោកលើកឡើងថែមទៀតថាកម្ពុជានឹងរងផលប៉ះពាល់អាក្រក់ជាច្រើនទៀត ដោយសារតែ សម្តេចតេជោ នៅបន្តកាន់អំណាចតទៀត។

លោកថា ការបោះឆ្នោតពិតប្រាកដ គឺទាល់តែមានគូប្រកួតប្រជែង ដែលជាគណបក្សប្រឆាំងមែនទែន មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អាចផ្សព្វផ្សាយព័ត៌មានដោយគ្មានការរឹតត្បិត មានស្ថាប័នឃ្លាំមើលការបោះឆ្នោតឯករាជ្យត្រឹមត្រូវជាដើម។

ត្រង់ចំណុចនេះ លោកគួរតែដឹងច្បាស់ថា គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គឺមិនគិតថាបក្សធំ ឬបក្សតូចនោះទេគឺស្មើភាពគ្នាចំពោះមុខច្បាប់ទាំងអស់ ពួកគេអាចក្លាយជាបក្សប្រឆាំងថ្មីបាន បើសិនជាមានការគាំទ្រពីប្រជាពលរដ្ឋ។ ទោះបីជាអវត្តមានអតីតបក្សប្រឆាំងនៅកម្ពុជា ក៏នៅមានគណបក្សជាច្រើនទៀតរហូតសរុបចំនួន២០គណបក្ស ច្រើនជាងអាណត្តិមុន បានចូលរួមប្រកួតប្រជែងដោយស្មើភាព ដែលនេះឆ្លុះបញ្ជាំងឲ្យឃើញថា ការបោះឆ្នោតនៅកម្ពុជាគឺត្រឹមត្រូវស្របតាមគោលការណ៍ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

ម្យ៉ាងវិញទៀត សូមលោកជ្រាបដែរថា រដ្ឋាភិបាលកម្ពុជា មិនបានរំលាយអតីតគណបក្សប្រឆាំងនោះទេ គឺតុលាការកំពូលជាអ្នកចេញសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ា តាមទង្វើរំលោភច្បាប់ និងមានពិរុទ្ធភាពច្បាស់លាស់។ ដូច្នេះការសម្រេចរំលាយនេះគឺត្រឹមត្រូវ និងយុត្តិធម៌ ដែលអតីតបក្សប្រឆាំងនោះត្រូវបាត់សិទ្ធិក្នុងការប្រកួតប្រជែងនយោបាយ។

ជាងនេះទៅទៀត ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ គឺមិនមែនសម្រេចលើលោកឯណា គឺសម្រេចលើប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត និងការទទួលស្គាល់លទ្ធផលឆ្នោត មិនមែនអាស្រ័យលើលោកមកទទួលស្គាល់នោះទេ។ លោកមិនទទួលស្គាល់ នោះគឺជាសិទ្ធិរបស់លោក។ សូមលោកកុំហាមឲ្យគេមិនទទួលស្គាល់ដូចលោក។

លោកចោទថា រាជរដ្ឋាភិបាលរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យ និងចោទថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកឃ្លាំមើលការបោះឆ្នោតអន្តរជាតិជាច្រើន ដែលបានចូលរួមសុទ្ធតែមិនឯករាជ្យ និងមានភាពលំអៀងមិនត្រឹមត្រូវ។ ត្រង់ចំណុចនេះ វាមិនមែនអ្វីចំលែកនោះទេ ព្រោះកន្លងមកឲ្យតែប្រព័ន្ធផ្សព្វផ្សាយ និងអ្នកឃ្លាំមើលការបោះឆ្នោតណាដែលមិនមានទស្សនៈដូចអស់លោក លោកតែងចោទគេថាមិនមានភាពឯករាជ្យ និងលំអៀង ទាល់តែប្រព័ន្ធផ្សព្វផ្សាយណា និងអ្នកឃ្លាំមើលការបោះឆ្នោតណាដែលមានទស្សនៈស្របតាមអស់លោក ទើបលោកហៅថាឯករាជ្យ។

លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកឃ្លាំមើលឯករាជ្យរបស់អស់លោក គឺតែងតែផ្សព្វផ្សាយបំផ្លើស បំប៉ោងសភាពការណ៍ បង្កឲ្យមានភាពចលាចលម្តងហើយម្តងទៀតនៅមុនពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ដើម្បីកេងចំណេញផលប្រយោជន៍ដល់បក្សពួកលោកតែប៉ុណ្ណោះ។ វាត្រឹមត្រូវណាស់ ដែលរាជរដ្ឋាភិបាលរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយបែបនេះ ដើម្បីភាពសុខសាន្តរបស់ប្រទេសកម្ពុជា។

ធាតុពិត លោក គឺជាមេក្រុមដែលធ្វើសកម្មភាពប្រឆាំងនឹងការរស់នៅសុខសាន្តរបស់ប្រជាជន និងភាពរីកចំរើនរបស់កម្ពុជា លោកតែងតែរិះគន់ វាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាមិនចេះហត់ ទោះបីរាជរដ្ឋាភិបាលធ្វើត្រឹមត្រូវក៏ដោយ ក៏លោកមើលមិនឃើញ ស្តាប់មិនលឺដែរ។ លោកតែងរិះរកវិធីសព្វបែបយ៉ាងដើម្បីប្រឆាំង និងវាយប្រហារ ដែលចំណេញដល់គ្នីគ្នារបស់លោកតែប៉ុណ្ណោះ។

ដូច្នេះហើយ ទើបលោកសមនឹងត្រូវបានរាជរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។

កម្ពុជាពិតជាលំបាកទម្រាំឆ្លងមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ន យើងតែងតែជួបនឹងការជ្រៀតជ្រែកផ្ទៃក្នុងពីប្រទេសមហាអំណាច និងតែងទទួលរងការគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងនយោបាយ។ បើអស់លោកជាអ្នកប្រជាធិបតេយ្យមែន លោកគួរតែគាំទ្រសម្លេងឆ្នោតរបស់ប្រជាជន ៨២.៨៩% ដែលបានធ្វើការសម្រេចចិត្តដោយត្រឹមត្រូវ៕
ជា ច័ន្ទបរិបូរណ៍

អត្ថបទដែលជាប់ទាក់ទង