គ.ជ.ប នៅតែបន្តការងារតាមនីតិវិធី បើទោះជាកំពុងរុះរើស្នាក់ការទៅនៅអគារថ្មីក៏ដោយ

39

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប អះអាងថា បន្តការងារតាមនីតិវិធីដោយមិនឱ្យរាំងស្ទះដល់ពេលវេលាកំណត់នៃការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះឡើយ បើទោះជាស្ថិតក្នុងដំណាក់កាលត្រូវរុះរើសម្ភារៈ និងឧបករណ៍គ្រប់គ្រងទិន្នន័យបោះឆ្នោតទៅកាន់អគារទីស្នាក់ការថ្មីក៏ដោយ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា កិច្ចការដែលគ.ជ.បកំពុងដុតដៃដុតជើងធ្វើនៅពេលនេះមាន ការប្តូរ ទីស្នាក់ការចាស់ស្ថិតនៅក្នុងក្រសួងមហាផ្ទៃទៅកាន់អគារថ្មីដែលនៅទល់មុខរដ្ឋសភា ការដឹកជញ្ជូន សម្ភារៈនិងឧបករណ៍បម្រើឱ្យការបោះឆ្នោតយកទៅទុកដាក់ក្នុងឃ្លាំងវិញ និងការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលរាជធានីខេត្ត។

ថ្លែងប្រាប់នៅថ្ងៃទី៣ ខែសីហានេះ លោកបានពន្យល់ថា ការប្រកាសលទ្ធផលបណ្តោះអាសន្ន នឹងត្រូវធ្វើតាមការគ្រោងទុកនៅថ្ងៃទី១១ ខែសីហា ខណៈលទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ក្នុងករណីគ្មានបណ្តឹងតវ៉ាឱ្យមានការបោះឆ្នោតសារជាថ្មី ប៉ុន្តែបើសិនជាមានបណ្តឹងតវ៉ា នឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែកញ្ញា ក្នុងករណីបិទផ្លូវបណ្តឹងតវ៉ានៅ ត្រឹមក្រុមប្រឹក្សាធម្មនុញ្ញ។ លោកបន្តថា ក្រោយប្រកាសលទ្ធផលផ្លូវការរួចរាល់ ទើបអាចគណនាបែងចែកអាសនៈរបស់គណបក្សនយោបាយនៅក្នុងរដ្ឋសភាបាន។

សូមជម្រាបថា គេហទំព័រចូលទៅមើលបញ្ជីឈ្មោះអ្នកបោះឆ្នោត និងគេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ របស់គ.ជ.ប ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ខណៈពេលគ.ជ.បកំពុងរុះរើសម្ភារៈ និងឧបករណ៍គ្រប់គ្រងទិន្នន័យបោះឆ្នោត ពីអគារទីស្នាក់ការចាស់ដែលស្ថិតក្នុងក្រសួងមហាផ្ទៃ ទៅកាន់ទីស្នាក់ការអគារថ្មីដែលនៅទល់មុខរដ្ឋសភា។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ថា គ.ជ.ប មិនគួរ រុះរើសម្ភារៈ និងឧបករណ៍គ្រប់គ្រងទិន្នន័យបោះឆ្នោតនៅពេលនេះទេ ព្រោះនាំឱ្យមានមន្ទិលសង្ស័យដល់សាធារណជនទូទៅ ខណៈព័ត៌មានស្តីពីលទ្ធផលបោះឆ្នោតកំពុងជាទីចាប់អារម្មណ៍។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគ.ជ.ប ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់មិនឱ្យមានការព្រួយបារម្ភពីការបាត់ទិន្នន័យដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនោះទេ ដោយហេតុថា លទ្ធផលបឋមត្រូវបានផ្សព្វផ្សាយរួចទៅហើយ។

អត្ថបទដែលជាប់ទាក់ទង