ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋ២៧០ខ្នង នៅភូមិក្របីជ្រុំឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង

18

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី១០ខែសីហាមកដល់ថ្ងៃទី១១ ខែសីហានេះបានបង្កផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនូន២៧០ខ្នងនៅភូមិក្របីជ្រុំឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនិង៤គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិក្របីជ្រុំដែលរងផលប់ពាល់ដោយជំនន់ទឹកភ្ញៀង លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានដឹកនាំក្រុមការងារដើម្បីអន្តរាគមន៍តាមការចាំបាច់ជាក់ស្ដែងនិងក្រើនរំលឹកឱ្យប្រជាពលរដ្ឋការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ នានានៃគ្រោះទឹកជំនន់ដែលកំពុងលិចផ្ទះសម្បែង ផ្លូវធ្វើចរាចរណ៍ជាដើម។
លោកបន្តថា៖បញ្ហាប្រឈមនេះចូរបងប្អូនអនុវត្តតាមសារអប់រំរបស់បន្ត្រីសុខាភិបាល គឺរស់នៅស្អាត-ផឹកស្អាត- ចំណីអាហារមានអនាម័យ- និងបង្កើនការប្រុងប្រយ័ត្នចំពោះ សត្វមានពិស -ហាមកូនចៅតូចៗលេងទឹក- ផ្ទះសម្បែងទ្រព្យសម្បត្តិយានយន្ត សត្វចិញ្ចឹមនានា ដឹកនាំ យកទៅទុកនៅទីទួលដែលមានសុវត្ថិភាព ។

លោកប៉ៃ កែវ ប្រជាពលរដ្ឋនៅភូមិក្របីជ្រុំ បានបញ្ជាក់ថា៖ បងប្អូន
រស់នៅតាមដងទន្លេធ្លាប់ជួបប្រទះជារៀងរាល់ឆ្នាំហើយ គ្រាន់តែមានភាពលំបាក់ក្នុងពេលទឹកលិចមួយរយៈនេះបងប្អូនទៅប្រកបរបរដោះស្រាយជីវភាពមិនបាន។
លោកបន្តថា៖ទោះជា យ៉ាងណា បានអាជ្ញាធរចុះមកជួបប្រជាពលរដ្ឋផ្ទាល់ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ដែលកំពុងរស់នៅជួបភាពលំបាននេះ ហើយបងប្អូនយើងនិងអនុវត្តតាមការណែនាំគ្រប់យ៉ាងពិសេសការពារកូនចៅកុំឱ្យគ្រោះថ្នាក់។

លោកសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធជួយឱ្យមានគ្រូពេទ្យមកនៅប្រចាំការនៅទីទួលសុវត្ថិភាពណាមួយដើម្បីស្រួលបងប្អូនដែលកំពុងរងគ្រោះទឹកជំនន់នេះទៅពិគ្រោះជម្ងឺនៅពេលឈឺថ្កាត់។
សូមបញ្ជាក់ថា៖គិតត្រឹមថ្ងៃទី ១០ សីហាមក ទឹកជំនន់ទន្លេ ស្រែពកបានជន់លិចហេដ្ឋារចនា សម្ព័ន្ធ ភូមិ ដីស្រែ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិក្របីជ្រុំឃុំក្បាលរមាសស្រុកសេសាន មានផ្លូវលំក្រាលគ្រួសក្រហមប្រវែង ៤៥០ ម៉ែត្រត្រូវបានលិច-ស្ពានឈើក្បាលបេតុងប្រវែង ៣០ ម៉ែត្រមួយកន្លែង-សាលារៀនបឋមសិក្សា ១ខ្នង ៥បន្ទប់ អណ្ដូងទឹកចំនួន ១ កន្លែង-ថ្នាក់មត្តេយ្យសហគមន៍មួយខ្នង -ប្រព័ន្ធចែកចាយទឹកស្អាតនៅសាលាមត្តេយ្យសហគមន៍១-ផ្ទះប្រជាពលរដ្ឋ រងផលប៉ះពាល់ ២៧០ ខ្នងផ្ទះ – ក្នុងនោះមាន ៤ គ្រួសារដែលត្រូវបានជម្លៀសចេញពីផ្ទះទៅទីទួលសុវត្ថិភាព និងលិចសន្ទូង សំណាប សរុបប្រមាណ ៤០០ ហិកតា ។ ដោយឡែកនៅចំណុចអូរគគីរស្ថិតក្នុងភូមិក្បាលរមាសថ្មីមានចំនួន ២៥ គ្រួសារនិងស្រែ ១៨ហិតាត្រូវបានលិច៕

អត្ថបទដែលជាប់ទាក់ទង