ឯកឧត្តម គួច ចំរើន​ ស្វាគមន៍គំរោងវិនិយោគលើប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់ពីក្រុមហ៊ុន Yunan

10

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​៖

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គម្រោងវិនិយោគប្រពន្ធ័លូទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ របស់ក្រុមហ៊ុន Yunan ប៉ុន្តែក្រុមហ៊ុនត្រូវមានផែនការ គម្រោងប្លង់គោល ថាតើ មានប្រពន្ធ័លូទឹកភ្លៀងប៉ុន្មានគីឡូម៉ែត្រ លូទឹកកខ្វក់ប៉ុន្មានគីឡូម៉ែត្រ ទំហំលូ មុខកាត់ប៉ុន្មានម៉ែត្រ ស្ថានីយចម្រោះប៉ុន្មានកន្លែង បំពាក់ម៉ាស៊ីនក្នុងអាងចម្រោះ ហើយការសាងសង់រយះពេលប៉ុន្មានខែ ឆ្នាំ និងតម្លៃ ប៉ុន្មាន ដើម្បីរដ្ឋបាលខេត្តយកដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ វាយតម្លៃ អនុម័ត ។ ក្នុងឱកាសទទួលជួបពិភាក្សាជាមួយលោក Lu Guo Bing អគ្គនាយកក្រុមហ៊ុន Yunnan ចិន នៅថ្ងៃទី១២ ខែសីហានេះ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាឱ្យបានចប់មុនថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីយកទៅដាក់ជូនក្រសួងសេដ្ឋកិច្ច សិក្សាវាយតម្លៃថា តើគម្រោងនេះអាចទទួលយកបាន ឬមិនបានតាមលក្ខណជាក់ស្តែង ដើម្បីកែលម្អសោភ័ណភាពបរិស្ថានក្រុងទេសចរណ៍នាទិសនិរតី។
ក្នុងឱកាសនោះ លោក Lu Guo Bing មានប្រសាសន៍ថា ក្រុមហ៊ុនមានគោលបំណងវិនិយោគលើប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ទាមទារនូវហេដ្ឋារចនាសម្ពន្ធជាច្រើន ពិសេសប្រពន្ធ័លូទឹកភ្លៀង និងលូទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភណ័ភាព បរិស្ថានទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ។ ក្រុមហ៊ុនលោក បានមកសិក្សាខ្លះៗនូវប្រពន្ធ័លូទាំងពីរប្រភេទនេះ នៅក្រុងព្រះសីហនុ តាំងពីឆ្នាំ២០១៣ ក៏ប៉ុន្តែមិនទាន់បានលម្អិត និងស៊ីជម្រៅ ប្រសិនជារដ្ឋបាលខេត្តអនុញ្ញាតិ ក្រុមហ៊ុន លោកនឹងសិក្សាប្លង់លម្អិត ដើម្បីដាក់ជូនរដ្ឋបាលខេត្ត ធ្វើការពិនិត្យ ។

អត្ថបទដែលជាប់ទាក់ទង