ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៨ពាន់គ្រួសារ

10

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

 ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះជំនន់ទឹកភ្លៀងបានបណ្តាលឲ្យ,ប៉ះ ពាល់ដល់ប្រជាពលរដ្ឋ៨៨៦៩គ្រួសារ និងមនុស្សចំនួន៥នាក់បានស្លាប់ ព្រមទាំងធ្វើឲ្យខូចផ្លូវជាតិផ្លូវលំជាច្រើនទៀតនៅក្នុងខេត្តចំនួន៦។
លោក កែវ វី អ្នកនាំពាក្យប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាគិតត្រឹមថ្ងៃទី១២ខែសីហា ជំនន់ទឹកភ្លៀងបានប៉ះពាល់ខ្លាំងដល់ខេត្តចំនួន៦រួមមាន ខេត្តព្រះសីហនុ ,រតនគិរី,មណ្ឌលគិរី,កំពត, កែប និងខេត្តកោះកុង បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់, ប៉ះពាល់ពលរដ្ឋ៨៨៦៩គ្រួសារនិងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន១៣៤២គ្រួសារ ដែលភាគច្រើននៅខេត្តរតនគិរីមណ្ឌលគិរី និងខេត្តព្រះសីហនុ។
លោកបន្តថាក្រៅពីនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រជាកសិករនៅខេត្តរតនគិរីចំនួន:២៧៨៤ហិកតា,កំពត:២៨៦ហិកតា,កែប១៥ហិកតានិងដំណាំផ្សេងៗចំនួន៧៤៨ហិកតា។ជាមួយគ្នានេះក៍ខូចផ្លូវលំជាច្រើនដូចជាខេត្តកំពត៣០ខ្សែ,រតនគិរី២៥ខ្សែ និងខេត្តមណ្ឌលគិរី៤ខ្សែ។ ចំពោះផ្លូវជាតិគឺខូចកំណាត់ផ្លូវជាតិលេខ៤ក្នុងខេត្តព្រះសីហនុ និងផ្លូវជាតិមួយចំនួនគឺគ្រាន់តែលិចមិនអាចធ្វើដំណើរបានដូចជាផ្លូចជាតិលេខ៧៦ក្នុងខេត្តរតនគិរី,ផ្លូវជាតិលេខ៤៨ខេត្តកោះកុងនិងផ្លូវជាតិលេខ៣៣ក្នុងខេត្តកំពត។ លោកកែវវីឲ្យដឹងបន្ថែមថាចំពោះវិធានការជួយសង្គ្រោះគឺមានកិច្ចសហការល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,កងកម្លាំងប្រដាប់អាវុធមានកងទ័ព,អាវុធហត្ថ,នគរបាលនិងសាខាកាកបាទក្រហមនៅតាមខេត្តបានឆ្លើយតចំពោះបបញ្ហាជួយសង្គ្រោះនេះដោយចុះអនុវត្តទៅតាមជំនាញរៀងៗខ្លួនមានដូចជាបញ្ចុះគ្រឿងចក្រថ្នាំពេទ្យនិងសម្ភារ:ផ្សេងបានទាន់ពេលវេលា។
លោក កែវ វី បានបញ្ជាក់ថាបើតាមការជូនដំណឹងរបស់ក្រសួងជំនាញជំនន់ទឹកភ្លៀងនេះមិនទាន់បានបញ្ចប់នៅឡើយទេគឺអាចនឹងកើតមានទៀតបន្ទាប់ពីព្យុះមុនៗរលាយទៅមានថ្មីមកទៀតដែលតម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណសម្បត្តិដើម្បីជួយសង្គ្រោះ ហើយប្រជាពលរដ្ឋ ក៍ត្រូវមានការប្រុងប្រយ័ត្នជាពិសេសការធ្វើដំណើរតាមផ្លូវទឹកនិងសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង