គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតក្រុមមេធាវីស្ម័គ្រចិត្តជួយដល់ជនក្រីក្រ

12

វិទ្យុជាតិកម្ពុជា​៖​  យី វិច្ឆិកា ១២ ០៨ ២០១៩៖

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតក្រុមអ្នកច្បាប់និងមេធាវីសិទ្ធិមនុស្ស ស្ម័គ្រចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងការរំលោភបំពានសិទ្ធិ ។
យោងតាមសេចក្តីជូនដំណឹងបានអោយដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាន បង្កើតក្រុមការងារមួយដែលមានឈ្មោះថា ក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស ដើម្បីជួយដល់ប្រជាពលរដ្ឋ ក្រីក្រដែលមានបញ្ហា ច្បាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ ។
យោងតាមសេចក្តីជូនដំណឹងបានអោយដឹងទៀតថា ក្រុមការងារនេះ មានសមាសភាពចូលរួម ពីសំណាក់ក្រុមមេធាវី និងអ្នកច្បាប់ដែលជាអនុប្រធាន សមជិក សមាជិការនៃគណៈកម្មាធិការសិទ្ធិមនុស្ស រួមទាំងអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្តមួយចំនួនទៀត ដែលមានតួនាទីភារៈកិច្ចដូចជា ផ្តល់យោបល់ផ្នែកច្បាប់លើការរៀបចំបទដ្ឋានគិតយុត្តផ្សេងៗ ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីអោយស្របតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ។
ប្រភពបន្តថា ក្រុមមេធាវីស្ម័គ្រចិត្តនេះក៏នឹង ផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនក្រីក្រដែលពុំមានលទ្ធភាព ពាក់ព័ន្ធនឹងការរំលោសិទ្ធិ ផ្តល់មេធាវីការពារក្តីនៅសវនាការ ដល់ជនក្រីក្រដែលពុំមានលទ្ធភាព ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ ធ្វើការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ និងឃ្លាំងមើលដំណើរការសវនការ និងដំណើរការនីតិវិធីរបស់តុលាការ ។
សេចក្តីជូនដំណឹងបានអំពាវនាវដល់សាធារណជន ដែលត្រូវការជំនួយផ្នែកច្បាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ អាចទំនាក់ទំនង តាមរយៈនាយកដ្ឋានបណ្តឹង នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង