មន្ទីរធនធានទឹកខេត្តព្រះសីហនុ ថា ប្រជាពលរដ្ឋចូលទៅរស់នៅតាមផ្ទះជាធម្មតាវិញហើយ

11

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ១៣ ០៨ ២០១៩ 

មន្ទីរធនធានទឹកខេត្តព្រះសីហនុ អះអាងថា ប្រជាពលរដ្ឋបាននាំគ្នាចូលរស់នៅតាមផ្ទះជាធម្មតាវិញហើយ បន្ទាប់ពីជំនន់ទឹកភ្លៀងបានស្រកចុះទៅរកភាពល្អប្រសើរ។ 

លោក ហេង សុភ័ណរិទ្ធិ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុពេលនេះបានស្រកអស់ហើយ និងមានភាពល្អប្រសើរឡើងវិញ។ លោកបន្តថា ចំពោះផ្ទះប្រជាពលរដ្ឋដែលបានលិចដោយសារជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះ ពួកគាត់អាចចូលស្នាក់នៅបានធម្មតាវិញហើយ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចនៅទូទាំងខេត្តព្រះសីហនុ បានចុះកាយប្រឡាយនៅតាមផ្នែកខាងក្រោមឆ្នេរអូឈើទាល ដើម្បីកាត់បន្ថយនៅការលិចលង់ដោយជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ។  «ទឹកស្រកអស់ហើយ ភ្លៀងក៏វាបន្ថយ វាមិនគំហុកដូចកាលពីថ្ងៃទី៨។ ស្ថានភាពទឹកឥឡូវនៅក្នុងអូរគឺវាចុះថយៗយកតែមែនទែន។ អញ្ចឹងផ្ទះប្រជាពលរដ្ឋនៅផ្នែកខាងលើក៏អស់ទឹកហើយដែរ កន្លែងដែលលិចនៅត្រឹមក។ ឥឡូវគាត់ចូលទៅផ្ទះគាត់វិញធម្មតាហើយ ខ្ញុំដើរព្រឹកមិញ គឺអស់មានទឹកហើយ»។ 

 លោកប្រធានមន្ទីរ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអូរមានការប្រុងប្រយ័ត្នខ្ពស់ និងកុំបោះចោលសំរាមផ្ដេសផ្តាស់ ដែលអាចនាំឲ្យហូរចូលទៅក្នុងអូរ កកស្ទះដល់ចរន្ដទឹកហូរ។ មន្ត្រីជំនាញរូបនេះ បានបន្ថែមថា ជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុឆ្នាំនេះ មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ ដោយបានធ្វើឲ្យប៉ះពាល់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន និងផ្ទះរបស់ប្រជាពលរដ្ឋ។

 លោកថា កាលពីឆ្នាំ២០១៨ ខេត្តព្រះសីហនុមានការជន់លិចតាមកន្លែងដែលជាតំបន់ទំនាបប៉ុណ្ណោះ ប៉ុន្ដែឆ្នាំ២០១៩នេះ កម្រិតទឹកភ្លៀងបានឡើងរហូតដល់ជាង២៧០មីលីម៉ែត្រ ក្នុងមួយថ្ងៃ ដែលធ្វើឲ្យពិបាកក្នុងការគ្រប់គ្រង៕

អត្ថបទដែលជាប់ទាក់ទង