ខេត្តបាត់ដំបង ប្រកាសដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្រុកចំនួន ៤ ថែមទៀត

33

វិទ្យុជាតិកម្ពុជា៖ដោយលោក សាន់ ឈង៖

ខេត្តបាត់ដំបង៖​ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុក កំរៀង , ស្រុកស្រុកបាណន់ , ស្រុកសំពៅលូន , និង ស្រុក រតនៈមណ្ឌល ដែលពិធីនេះប្រារព្ធធ្វើ នៅក្នុងបរិវេណ សាលាស្រុកកំរៀងកាលពី ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ថាការអនុវត្តគម្រោង នេះក្នុងគោលបំណងដើម្បីសាកល្បងអនុវត្តកំណែទម្រង់រដ្ឋបាលនៅទីប្រជុំជន សំដៅប្រែក្លាយតំបន់ប្រជុំជនជមណ្ឌលអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការក្រើនរំលឹក ដល់មន្ត្រី នៃការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ បង្កភាពងាយស្រួលក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតបឲ្យបានទាន់ពេលវេលា ត្រូវមានឥរិយាបថ ការប្រាស្រ័យ ទំនាក់ទំនងល្អ ផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ។
លោក សុខ គិមខុន អភិបាលស្រុកកំរៀង តំណាងឲ្យស្រុកទាំង ៤ បានអោយដឹងថា ការបង្កើតការិយាល័យច្រកចេញចូលតែមួយ ដែលបានដាក់ ឲ្យសាកល្បងមុនគេគឺ ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងស្រុកសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នជាក្រុង ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ៤៧ សសរចុះថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០០៣។
លោកបន្តថា រហូតមកទល់បច្ចុប្បន្ននេះបើតាមទិន្ន័យពីនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គឺ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ពង្រីកបាន ចំនួន ៨៣ គោលដៅហើយ ក្នុងនោះខេត្តបាត់ដំបង មាន ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន ១០ (ក្រុង និងស្រុក ) ៕

អត្ថបទដែលជាប់ទាក់ទង