អជ្ញាធរជាតិអប្សរា ណែនាំឲ្យអាជីវករលក់ដូរ ដោយការក្រាលកន្ទេលលើវាស្មៅ នៅជុំវិញសួនប្រាសាទអង្គរវត្ត

15

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ធីណា ឌីណេ

ភ្នំពេញ៖ អជ្ញាធរជាតិអប្សរា បានណែនាំដល់អាជីវករលក់ដូរ ត្រូវបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីលើកកម្ពស់តម្លៃ​លេចធ្លោ​ជាសកលនៃរមណីយដ្ឋានអង្គរ។

សេចក្តីជូនដំណឹងរបស់អជ្ញាធរជាតិអប្សរា នៅថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បច្ចុប្បន្នមានអាជីវករ និងភ្ញៀវទេសចរមួយចំនួន បានក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងនៅលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីពិសាអាហារ និងលំហែរកាយ ដែលធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ក៏ដូចជាប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សារធារណៈ នៃរមណីយដ្ឋានអង្គរផងដែរ។

សេចក្តីដដែលបានបញ្ជាក់ថា រាល់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗ នៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ត្រូវបញ្ឈប់ក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ បើពុំដូច្នោះទេ នឹងមានវិធានការរដ្ឋបាល ដោយរឹបអូសសម្ភារៈទាំងនោះ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតណាមួយឡើយ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីកន្លងមក ក្រុមការងារអាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពន​គរបាល​ការពារបេតិកភណ្ឌ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពទាំងនេះប៉ុន្តែ នៅតែមានអាជីវករ និងភ្ញៀវទេសចរមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពទាំងនេះ ដោយយកតែប្រយោជន៍បុគ្គលជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង