មន្ត្រីជំនាញថា បច្ចុប្បន្នជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនមានការរីករាលដាលនៅតាមបណ្ដាខេត្ដទៀតនោះទេ

14

 វិទ្យុជាតិដោយ ៖ លោក អុឹម ភិរក្សនារីរតន:

 ភ្នំពេញ៖ មន្រ្ដីជំនាញ  បានអះអាងថា បច្ចុប្បន្ននេះ ជំងឺប៉េស្ដជ្រូកអាហ្រ្វិក មិនមានការបន្ដឆ្លងរីករាលដាលនៅតាមបណ្ដាខេត្ដផ្សេងៗទៀតនោះទេ ដោយស្នើសុំកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះបញ្ហានេះបន្តទៀត។

 

លោក នូ វនិកា ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យា​បាល បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែសីហានេះថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិក ដែលកន្លងមកបានផ្ទុះឆ្លងទៅលើសត្វជ្រូករបស់ប្រជាពលរដ្ឋនៅតាមបណ្តានោះ បានស្ងប់ស្ងាត់ទៅវិញហើយ។

 

លោកបានបញ្ជាក់ថា ភាពជោគជ័យនេះ ដោយសារមានវិធានការទប់ស្កាត់ទាន់ពេលវេលា តាមរយៈ សម្លាប់ចោលនូវសត្វជ្រូកណាដែលសង្ស័យថា កើតជំងឺប៉េស្ដជ្រូកអាហ្រ្វេក ដើម្បីការពារកុំអោយជំងឺនេះឆ្លងទៅដល់សត្វជ្រូកផ្សេងទៀត ក៏ដូចជាតាមរយៈផ្សព្វផ្សាយដល់អ្នកលក់សាច់ជ្រូកទាំងអស់មិនឲ្យលក់សាច់ជ្រូកដែលមានជំងឺអាប៉េស្ដជ្រូកអាហ្រ្វេកលក់នៅលើទីផ្សារ ។

 

សំឡេង ៖ កន្លងមកខ្ញុំបានជម្រាបហើយថា យើងមានពេទ្យសត្វយើងប្រចាំការនៅកន្លែងសត្តឃាតដ្ឋាន កន្លែងពិឃាតសត្វ ត្រួតពិនិត្យជាប្រចាំហើយមានស្លាកសញ្ញា មើលជាប្រចាំហើយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ប៉ុន្តែយើងព្យាយាមតាមដានបន្តទៀតដើម្បីការពារ ការជ្រាបចូលការក្លែងបន្លំលទ្ធផលទាំងឡាយ ដែលមិនចេញពីសត្តឃាតដ្ឋាន ចេញពីកន្លែងផ្សេងប៉ុន្តែកន្លងមកយើងមិនបានជួបមានករណីបែបហ្នឹងទេ ។

នាពេលកន្លងមក ក្រសួងកសិកម្ម បានសម្លាប់សត្វជ្រូកដែលផ្ទុកជំងឺអាប៉េសជ្រូកចំនួនប្រមាណ៤០០០ក្បាល ដែលគិតជាទឹកប្រមាណជាង៨០ម៉ឺនដុល្លារអាមេរិក»។

គួររំលឹកថា ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើនវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជាទ្រង់ទ្រាយធំនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈពង្រឹងការត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពសាច់ជ្រូក ការទប់ស្កាត់ការលួចនាំចូលជ្រូក និងសាច់ជ្រូក ព្រមទាំងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដែលខុសច្បាប់និងគ្មានការអនុញ្ញាតតាមគ្រប់រូបភាពនិងតាមគ្រប់មាត់ច្រកទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង