សម្បទានិកនៅឃុំដារ ស្រុកចិត្របុរី នាំគ្នាដាំដំណាំសរីរាង្គដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ

12

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ១៤.០៨.២០១៩៖

ក្រុមសម្បទានិកនៅឃុំដារស្រុកចិត្របុរីខេត្តក្រចេះនាំគ្នាដាំដំណាំសរីរាង្គគ្មានជាតិគីមីដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារនិងគាំទ្រដល់ផលិតផលកសិកម្មប្រចាំមូលដ្ឋានរបស់ខ្លួន ។

  ក្រុមសម្បទាននិករបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) រស់នៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រមាណជាង៤០០គ្រួសារ ភាគច្រើនសុទ្ធតែដាំដំណាំដំឡូងមីសរីរាង្គ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីពួកគេ ទទួលបានបច្ចេកទេសដំាដុះពីមន្រ្តីជំនាញកសិកម្មរបស់គម្រោង។

អ្នកស្រី ហ៊ិន រ៉ាត់ ជាសម្បទានិកដែលទទួលបានដីពីគម្រោងឡាសិត២ បានឱ្យដឹងថា បន្ទាប់ពីទទួលបានដីកសិកម្មពីគម្រោងទំហំ១ហិចតាមក អ្នកស្រីបានដាំដំណាំដំឡូងមីសរីរាង្គដែលទទួលបានទិន្នផលខ្ពស់ ហើយមានទីផ្សារថែមទៀតផង។ អ្នកស្រីបានបញ្ជាក់ថា ការដាំដំណាំដំឡូងមីសរីរាង្គតាមគោលការណ៍បច្ចេកទេសដែលមិនប្រើជីគីមីនេះ គឺទទួលបានតម្លៃខ្ពស់ហើយឈ្មួញនិងក្រុមហ៊ុនចុះមកប្រមូលទិញដោយផ្ទាល់ មិនចាំបាច់ដឹកទៅលក់ឆ្ងាយដូចពីមុនឡើយ។  អ្នកស្រីបន្ថែមថា ក្រោយពីបានប្រកបរបរដាំដំណាំដំឡូងមីសរីរាង្គបាន២រដូវរួចមក ឃើញថាដំណាំនេះហុចផលឱ្យខ្ពស់ ហើយបាន ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារធ្វើឱ្យជីវភាពធូរធារជាងមុនបើធៀបជាមួយនឹងការរស់នៅឯភូមិចាស់។

 “ខ្ញុំទើបដាំពីរឆ្នាំ។ ដាំឆ្នាំដំបូងអញ្ចឹងប្រហែលអាចរួចខ្លួនមិនទាន់ឃើញចំណេញទេ ប៉ុន្តែឆ្នាំនេះខ្ញុំសង្ឃឹមថាចំណេញដោយដំឡូងមានការកើនឡើងហើយដំឡូងខ្ញុំដាំនេះជាដំឡូងសរីរាង្គអញ្ចឹងតម្លៃខ្ពស់ជាងដំឡូងគេដាំធម្មតានៅក្រៅ។ តម្លែវិញលើសគេ ដូចថាគេតម្លៃធម្មតា២៣០ អញ្ចឹងពួកខ្ញុំអាច២៥០លើសគេ។ ការដាំដំឡូងសរីរាង្គគឺដាំអត់មានប្រើជីគីមីអ្វីទាំងអស់ ប្រើតែជីធម្មជាតិមួយមុខ ទិន្នផលវាបានមកគឺខ្ពស់ល្អ មើមល្អ ហើយណាមួយវាអត់មានគីមីគឺល្អតែម្តង។ គេមកទិញដល់កន្លែងដំឡូងសរីរាង្គ ពីឈ្មួញគេតាមរយៈលោកគ្រូ អ្នកគ្រូ គាត់នាំមកទិញ”។ 

ដោយឡែកលោកពូ យស សុវណ្ណ សម្បទានិករស់នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះបានឱ្យដឹងដែរថា ក្រុមគ្រួសាររបស់លោកក្រៅពីដំាដំណាំដំឡូងមីសរីរាង្គ គឺដាំដំណាំឈើហូបផ្លែ និងបន្លែ សរីរាង្គនៅជុំវិញផ្ទះនិងចិញ្ចឹមសត្វបន្ទាប់ពីគម្រោងបានបែងចែកដីលំនៅដ្ឋានក្នុងទំហំ ២០x៥០ ម៉ែត្រ ក្នុងមួយគ្រួសារ។ លោកបានបញ្ជាក់ថា ដំណាំបន្លែសរីរាង្គដាំនៅជុំវិញផ្ទះនេះ មិនត្រឹមតែសម្រាប់ទុក ហូបប្រចាំថ្ងៃប៉ុណ្ណោះទេថែមទំាងអាចលក់ដូរនៅក្នុងភូមិធ្វើឱ្យមាន ចំណូលប្រចាំថ្ងៃថែមទៀតផង។

សំឡេង “ដំណាំនៅក្នុងផ្ទះ គឺមានដាំគ្រប់មុខតែម្តងមានតាំងពីស្វាយ មានតាំងពីទៀប មានតាំងពីតាង៉ែន មានខ្នុរ មានត្របែក មានសព្វបែប យ៉ាងទាំងអស់គ្រប់មុខបណ្តោយ។ នៅចំការមាន តែដំឡូងធម្មជាតិ ដំឡូងសរីរាង្គ បើនិយាយឱ្យអស់ទៅ ខ្ញុំទទួលលទ្ធផល ថវិកា៥ ទៅ៦ម៉ឺនរៀលក្នុង មួយថ្ងៃ។ លក់តាំងពីជី លក់តាំងពីទៀប ទាំងអស់ទាំងបន្លែបង្កាដំណាំចម្រុះ។ 

គួរបញ្ជាក់ថា ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ គឺជាឃុំមួយក្នុងចំណោមឃុំទាំង៥ដែលរួមមានឃុំសំបុក ឃុំចង្ក្រង់ ឃុំថ្មី ស្រុកចិត្របុរី និងឃុំចំបក់  ស្រុកព្រែកប្រសព្វ ដែលទទួលអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ដែលជាគម្រោង របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានដី ឬមានដីតិចតួចចំនួនប្រមាណ ២១១៩ គ្រួសារ លើផ្ទៃដីទំហំ ៦៥៦៦ ហិចតា។ 

 

ក្នុងនោះ ក្រៅពីការផ្តល់ដីជូនសម្បទានិក គម្រោងក៏បានផ្តល់ជូនសម្បទានិកនូវសម្ភារៈសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសី អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករ គ្រាប់ពូជបន្លែ ដើមឈើហូបផ្លែគ្រាប់ពូជផ្សេងៗ និងភ្ជួរដីកសិកម្ម ព្រមទាំងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀនអណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចជាដើម និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត។ លើសពីនេះ    គម្រោងនឹងផ្តល់ទុនបង្វិលប្រមាណជា ២៨០$ ជូនសម្បទានិកក្នុងមួយគ្រួសារ  ដើម្បីជាទុនចាប់ផ្តើមបង្កបង្កើនផល ឬបង្កើតមុខរបររបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង