ក្រសួងធនធានទឹកជំរុញឲ្យប្រជាពលរដ្ឋរស់នៅអមដងទន្លេរួសរាន់ប្រមូលផលដំណាំ

29

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា ១៤.០៨.១៩៖

ក្រសួងធនធានទឹក និងឧតុនិយម ជំរុញឲ្យប្រជាពលរដ្ឋរស់នៅអមដងទន្លេរួសរាន់ប្រមូលផលដំណាំ ដើម្បីជៀសវាងរងការខូចខាតដោយការជន់លិចជាយថាហេតុ ខណៈដែលកម្ពស់ទឹកទន្លេមេគង្គកំពុងចាប់ផ្ដើមហក់ឡើង។
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ថា ទឹកទន្លេកំពុងចាប់ផ្ដើមមានការកើនឡើង និងអាចបង្កផលប៉ះពាល់ដល់ផលដំណាំរបស់ប្រជាកសិករ ដែលរស់នៅតាមដងទន្លេ។
ឯកឧត្តមបន្ដថា កម្ពស់ទឹកទន្លេមេគង្គចាប់ផ្តើមហក់ឡើងដល់ជិត៦ម៉ែត្រហើយ ខណៈកម្ពស់ទឹកឡើងដល់៨ម៉ែត្រ នឹងហូរចូលតាមបណ្ដាព្រែក និងបឹងបួរ ដែលមានផលដំណាំរបស់ប្រជាពលរដ្ឋនៅក្បែរនោះ។
សំឡេង៖ «មកដល់ពេលនេះទឹកទន្លេមេគង្គនឹងឡើងជាបន្តបន្ទាប់ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កំពុងតែបង្កបង្កើនផលនៅតំបន់អមសងខាងទន្លេ ទាំងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ សូមរួសរាន់ក្នុងការប្រមូលផល ជៀសវាងដែលទឹក ឡើងធ្វើអោយខូចខាតដល់ដំណាំរបស់គាត់»។
យ៉ាងណាក៏ដោយ ឯកឧត្តមបញ្ជាក់ថា កម្រិតទឹកទន្លេមេគង្គ ចាប់ពី៨ម៉ែត្រ៥០មីលីម៉ែត្រ រហូតដល់ ៩ម៉ែត្រ ៣០មីលីម៉ែត្រ ទើបអាចមានលទ្ធភាពហូរទៅតាមបណ្ដា ដៃទន្លេ ស្ទឹង បឹង ព្រែកគ្រប់គ្រាន់សម្រាប់ប្រជាកសិករធ្វើស្រែចំការ ៕

អត្ថបទដែលជាប់ទាក់ទង