ប្រធានព្រឹទ្ធសភាកម្ពុជា សរសើរពីគុណសម្បត្តិបេសកកម្មការទូតជប៉ុននៅកម្ពុជា

53

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកសរសើរពីគុណសម្បត្តិបេសកកម្មការទូតជប៉ុននៅកម្ពុជា ដែលនាំមកនូវទំនាក់ទំនងមិត្តភាព ជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា និងការជំរុញកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រ។
ថ្លែងក្នុងឱកាសទទួលជំនួបជម្រាបលារបស់ឯកឧត្តម Hidehisa HORINOUCHI ដែលត្រូវចប់អាណត្តិជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅកម្ពុជា បានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។
សម្តេចបានបញ្ជាក់ថា ក្នុងអាណត្តិរបស់ឯកឧត្តម Hidehisa HORINOUCHIនៅកម្ពុជា បាននាំមកនូវសមិទ្ធផលជាច្រើនដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ ក៏បានជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចររវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា អប់រំ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូររវាងយុវជន និងយុវជនដ៏ទូលំទូលាយ។
ជាកិច្ចឆ្លើយតប ឯកឧត្តម Hidehisa HORINOUCHI ក៏បានថ្លែងអំណរគុណដល់សភា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលជួយជ្រោមជ្រែងឲ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ។
ឯកឧត្ដម បានសម្ដែងក្តីរីករាយដែលឃើញសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា ទោះបីជាឯកឧត្តមត្រូវទទួលតួនាទីថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់ក៏ដោយ ក៏ឯកឧត្តមនៅតែបន្តគាំទ្រទាំងស្មារតី និងទំនាក់ទំនងល្អជាមួយនឹងប្រទេសកម្ពុជាដដែល៕

អត្ថបទដែលជាប់ទាក់ទង