កូរ៉េសន្យាបង្កើនកូតាការងារសម្រាប់ពលករកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន

41

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា
MC៖ រដ្ឋាភិបាលកូរ៉េ បានសន្យាបង្កើនចំនួនកូតាសម្រាប់ពលករកម្ពុជាទៅធ្វើការនៅប្រទេសរបស់ខ្លួន លើជំនាញវិជ្ជាជីវៈ និងវិស័យជាច្រើន។

ឯកឧត្តម អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា មានប្រសាសន៍ថា ពលករកម្ពុជាមានសមត្ថភាពការងារ ហើយមានភាពឧស្សាហ៍ព្យាយាមចេះអត់ធ្មត់នឹងការងារ ព្រមទាំងមានអត្តចរិតល្អចំពោះអ្នករួមការងារផងដែរ។ ជាពិសេស គឺទទួលបាននូវការកោតសរសើរយ៉ាងពេញទំហឹងពីសំណាក់និយោជក និងថ្នាក់ដឹកនាំកូរ៉េថែមទៀតផង ដែលនេះជាមូលហេតុ នាំឲ្យស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា សន្យាខិតខំជំរុញឲ្យរដ្ឋាភិបាលកូរ៉េ ទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េឱ្យបានកាន់ច្រើនថែមទៀត។
ថ្លែងនៅក្នុងឱកាសជូនដំណើរពលករកម្ពុជាផ្នែកឧស្សាហកម្មចំនួន ៣២នាក់ ក្នុងនោះមានស្រី២នាក់ ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី១៣ ខែសីហា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដមបានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ន ពលករបរទេសដែលធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួន១៦ប្រទេស ក្នុងនោះចំនួនពលករកម្ពុជា មានការកើនឡើងកាន់តែច្រើន ក្នុងចំណោមពលករបរទេសដទៃទៀត។
សំឡេង«ចំពោះពលករខ្មែរដែលបានបញ្ជូនទៅធ្វើការនៅប្រទេសកូរ៉េចាប់ពីឆ្នាំ២០១៦ ២០១៧ ២០១៨ គឺមានច្រើនជាងគេ ហើយសម្រាប់ឆ្នាំនេះវិញ៤,០០០នាក់ ទៅ ៤,៥០០នាក់»។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា មកដល់ពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង ៦ម៉ឺននាក់ ដែលភាគច្រើនធ្វើការលើផ្នែកឧស្សាហកម្ម បន្ទាប់មកមានផ្នែកកសិកម្ម និងសំណង់។ ឯកឧត្តមបានបន្តថា កូតាដែលសាធារណរដ្ឋកូរ៉េផ្ដល់ឱ្យកម្ពុជា ឆ្នាំ២០១៩នេះ មានចន្លោះពី ៤,០០០នាក់ ទៅ ៤,៥០០នាក់។
ឯកឧត្តម បានបញ្ជាក់ថា នៅសាធារណរដ្ឋកូរ៉េ មានមជ្ឈមណ្ឌលគាំពារពលករបរទេសមិនតិចជាង៤០កន្លែងឡើយ ដើម្បីជួយដោះស្រាយជូនពលករពេលមានបញ្ហាណាមួយ ៕

អត្ថបទដែលជាប់ទាក់ទង