ក្រសួងបរិស្ថានរួមជាមួយខេត្តកំពង់ចាម សិក្សាផលប៉ះពាល់បរិស្ថាន នឹងអនុវត្តន៍ការពិន័យ ទៅលើការវិនិយោគរបស់ក្រុមហ៊ុន សុខ សុខា

14

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម
ឯកឧត្ដម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួង បរិស្ថាន និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញ មន្ទីរ -អង្គភាពជុំវិញសាលាខេត្ត ចុះពិនិត្យសិក្សា វាយតម្លៃផលប៉ះពាល់បរិស្ថាន នឹងអនុវត្តន៍ការពិន័យ ទៅលើការវិនិយោគរបស់ក្រុមហ៊ុន សុខ សុខា ដែលហួសដែនកំណត់លិខិតបើកអាជីវកម្ម ដែលវាយកំទ្ទេចយកថ្មភ្នំ មកធ្វើអាជីវកម្ម ដែលស្ថិតក្នុងភូមិក្រដាស ក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
ក្នុងដំណើរចុះពិនិត្យការងារវាយតម្លៃផលប៉ះពាល់បរិស្ថាន និងបាត់បង់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការចុះមកពិនិត្យមើលស្ថានភាពវាយតម្លៃនេះ គឺដើម្បីសិក្សានូវផលប៉ះពាល់ពីក្រុមហ៊ុនទៅលើបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងទៀត ការធ្វើអាជីវកម្ម ស្ថិតក្នុងភូមិក្រដាស ក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម គឺមិនមែនរដ្ឋវិនិយោគ ឬលក់ទៅឲ្យក្រុមហ៊ុននោះទេ ពោលគឺដើម្បីយកមកអភិវឌ្ឍន៍មូលដ្ឋាន និងរក ចំណូលចូលជាតិតែប៉ុណ្ណោះ។
ឯកឧត្ដម អភិបាលខេត្ត បានសង្កត់ធ្ងន់ទៀតថា នៅពេលនេះអាជ្ញាធររួមទាំងមន្ត្រីជំនាញ បានផ្អាកដំណើរអាជីវកម្មរបស់ក្រុមហ៊ុន សុខ សុខា ដោយត្រូវពិន័យតាមច្បាប់របស់ក្រសួងបរិស្ថានបានកំណត់ដែនដី ធ្វើអាជីវកម្មផងដែរ។
គូសបញ្ជាក់ផងដែរថា ទីទួលសុវត្ថិភាព ដែលមានវិវាទកន្លងមកនេះ គឺជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋមកអាស្រ័យផលដូចជា ដើមឬស្សី ចិញ្ជឹមសត្វគោក្របី និងជាទីទួលសុវត្ថិភាពនាពេល រដូវទឹកតំឡើងតែប៉ុណ្ណោះ ហើយប្រជាពលរដ្ឋជិត៧០% សុទ្ធតែជាអ្នកស្រុកមកពីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង៕

អត្ថបទដែលជាប់ទាក់ទង