​ឯកអគ្គរាជទូតជប៉ុនមានប្រសាសន៍ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីជប៉ុននិងកម្ពុជា            មានការវិវត្តរីកចម្រើន

37

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម HIDEHISA Horinouchi ឯកអគ្គរាជទូតជប៉ុនបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលបីឆ្នាំនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរមានការវិវត្តរីកចម្រើន ហើយឯកឧត្តមកត់សម្គាល់ឃើញថា កម្ពុជាបន្តមានការអភិវឌ្ឍរីកចម្រើន និងស្ថិរភាពរឹងមាំ។
ឯកឧត្តម បន្តថាប្រទេសជប៉ុន តាមរយៈការប្រកាសគាំទ្ររបស់ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន       Abe Shinzo នៅតែបន្តជួយគាំទ្រកម្ពុជានៅលើដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មនៅកម្ពុជា ដែលត្រូវបានឆ្លុះបញ្ចាំងអោយឃើញតាមរយៈការផ្តល់ជំនួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងការអញ្ជើញអ្នកនយោបាយ  វ័យក្មេងកម្ពុជា ទៅសិក្សាស្វែងយល់អំពីដំណើរការលទ្ធិប្រជាធិបតេយ្យ នៅប្រទេសជប៉ុន។
ក្នុងឳកាសឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឲ្យ ចូលជួបសម្តែងការគួរសម  និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៩  ឯកឧត្តម HIDEHISA Horinouchi បានមានប្រសាសន៍ថាក្នុងក្របខណ្ឌនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ឯកឧត្តមក៏បានខិតខំជំរុញ អនុវត្តនិងសម្រេចបាននូវគម្រោងកម្មវិធីជាច្រើន ក្នុងនោះមានការជួសជុលបញ្ចប់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងគម្រោងទំនើបកម្មកំពង់ផែក្រុងព្រះសីហនុជាដើម។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានអរគុណដល់កម្ពុជាផងដែរ ដែលបានគាំទ្រជប៉ុននៅក្នុងវេទិកាអន្តរជាតិនានា ដូចជាការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកបើកចំហរនិងសេរី ( Free and Open Indo-Pacific Strategy) របស់ប្រទេសជប៉ុន។

អត្ថបទដែលជាប់ទាក់ទង