អគ្គស្នងការនគរបាលជាតិចែករំលែកបទពិសោធន៍ នៃសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ន ដល់បណ្ឌិត្យសភានគរបាលកម្ពុជា

33

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្តីពី “ការវិវត្តនៃសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ន” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យគ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ការចែករំលែកបទពិសោធន៍ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបាឋកថា នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យបណ្ឌិត្យសភានគរបាលកម្ពុជាខិតខំពង្រីកការបណ្ដុះបណ្ដាល និងហ្វឹកហាត់នៃការវិវត្ដសភាពការណ៍សន្តិសុខដល់នគរបាលបន្ថែមទៀត ដូចជាការងារពន្លត់អគ្គីភ័យ ការការពារសន្ដិសុខសណ្ដាប់ធ្នាប់ ការជួយសង្គ្រោះ និងទប់ស្កាត់ភារវកម្មជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ការពង្រីកការបណ្ដុះបណ្ដាល និងហ្វឹកហាត់នេះ គឺ ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដល់នគរបាលជាតិកម្ពុជាទាំងមូល មានសមត្ថភាពគ្រប់គ្តាន់ក្នុងការបំពេញការងារទទួលបានជោគជ័យតាមជំនាញរៀងៗខ្លួន សម្រាប់ការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់សម្ភារៈសិក្សានានា និងគុណភាពនៃការបណ្តុះបណ្តាលកាន់តែប្រសើរឡើង ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណចំពោះបទបាឋកថារបស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ដែលមានអត្ថន័យនិងខ្លឹមសារ ឆ្លុះបញ្ចាំងអំពីសមត្ថភាព និងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជាកងកម្លាំងទាក់ទងនឹងសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបានបញ្ជាក់ថា បាឋកថានេះ បានផ្តល់នូវអត្ថប្រយោជន៍ដ៏មានតម្លៃណាស់សម្រាប់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិនិងនិស្សិត-សិក្ខាកាមទាំងអស់ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀតក្នុងការអនុវត្តការងារជាក់ស្តែង ៕

អត្ថបទដែលជាប់ទាក់ទង