ក្រសួងកសិកម្មចែកពូជស្រូវសែនក្រអូប ចំនួន ២៨.៦៥០គក្រ ជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅឃុំស្រម៉ ស្រុកជើងព្រៃ

23

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពងចាម៖

​ពូជស្រូវសែនក្រអូប ចំនួន ២៨.៦៥០គក្រ ជាអំណោយ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ជូនប្រជាកសិករចំនួន ៥៧៣គ្រួសារ នៅឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ពិធីចែកពូជស្រូវនេះ រៀបចំនៅបរិវេណវត្តស្រាម ក្រោមអធិបតី ភាព ឯកឧត្តម ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកជើងព្រៃ ដែលបានសម្រេចផ្ដល់នូវពូជស្រូវ ដើម្បី ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធាររណៈ កាលពីពេលថ្មីៗនេះ ។ ឯកឧត្ដមអភិបាលខេត្ត មានប្រ សាសន៍ថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃ មានផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣គ្រួសារ ។ ដោយមានការយកចិត្តទុកដាក់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក៏បានផ្ដល់ស្រូវពូជ ចំនួន ២៨.៦៥០គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ចំនួន ៥០គីឡូក្រាម សម្រាប់យកទៅដាំដុះ ដើម្បី ស្ដារលទ្ធភាពបង្កបង្កើនផល ឡើងវិញ ។ ឯកឧត្ដម បានលើកឡើងដែរថា កាលពីខែកក្កដា កន្លងទៅ ខេត្តកំពង់ចាម ជួបបញ្ហាប្រឈមដោយគ្រោះរាំងស្ងួត នៅតំបន់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន ៦០០៣ហ.ត ក្នុងនោះស្រុកបាធាយប៉ះពាល់ ១២ឃុំ ស្មើនឹង ២១.៤៥ហ.ត ស្រុកជើងព្រៃ ប៉ះពាល់ ៩ ឃុំ ស្មើនឹង ៣១៨១ហ.ត ស្រុកព្រៃឈរប៉ះ ពាល់ ១២ឃុំ ស្មើនឹង ៥៣០ហ.ត ស្រុកស្ទឹងត្រង់ប៉ះពាល់ ៣ឃុំ ស្មើនឹង ១៤៧ហ.ត ផងដែរ ។
ឯកឧត្តម ឱក គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ពូជស្រូវ ដែលបានចែកជូន នាពេលនេះ គឺមិនសម្រាប់បងប្អូនទាំងអស់ឡើយ ពោលគឺ បានចែកជូនសម្រាប់តែអ្នកប៉ះពាល់ ពិតប្រាកដ និងមានតម្រូវការចាំបាច់ ប៉ុណ្ណោះ ។ ដូច្នេះ សូមបងប្អូនផ្សេងៗទៀត មានការយោគយល់អធ្យាស្រ័យ ចំពោះ អំណោយនេះ ផងដែរ ។ តាមរយៈនេះ សូមបងប្អូន ដែលទទួលបានពូជស្រួវហើយ សូមយកទៅទុកដាក់ និងសាបព្រោះ លើដីបង្កបង្កើន ផល ឲ្យទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង