ភ្ញៀវទេសចរជាតិ អន្តរជាតិចាប់ផ្តើមសម្រុកទៅលេងខេត្តមណ្ឌលគិរីនាវស្សាន្តរដូវ

24

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ២១. ០៨. ២០១៩
ភ្ញៀវទេសចរជាតិ អន្តរជាតិចាប់ផ្តើម សម្រុកទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរីនាវស្សាន្តរដូវនេះដើម្បីទទួលយកភាពសប្បាយរីករាយជាមួយធម្មជាតិព្រៃភ្នំយ៉ាងស្រស់ស្អាត។
នាវស្សាន្តរដូវនេះខេត្តមណ្ឌលគិរីបានក្លាយជាគោលដៅអេកូទេសចរណ៍ដ៏សំខាន់ទី១ របស់កម្ពុជា ដោយសារតែខេត្តនេះសំបូរទៅធនធានធម្មជាតិ ព្រៃព្រឹក្សាខៀវស្រងាត់ ស្រស់បំព្រងគួរជាទីគយគន់និងអន្ទងចិត្តភ្ញៀវទេសចរមកពីគ្រប់ទីកន្លែង។
ក្រុមភ្ញៀវទេសចរបានចាប់អារម្មណ៍ខ្លាំងលើការផ្តិតយករូបភាពទេសភាពធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងនៃវាលស្មៅខៀវស្រងាត់ដូចកម្រាលព្រំរូមជាមួយ ចំការស្រល់ ដើមឈើធំៗនៅអម សាងខាងផ្លូវទៅកាន់តំបន់រម្មណីយ៍ទេសចរណ៍ធម្មជាតិនានានៅក្នុងខេត្តមណ្ឌលគិរី ដូចជា តំបន់ទឹកជ្រោះដាក់ដាំ ភ្នំដោះក្រមុំ ទឹកជ្រោះប៊ូស្រា និងតំបន់ទស្សនាសមុទ្រឈើជាដើម។
អ្នកស្រី ម៉ៅ សុជា ភ្ញៀវទេសចរ ទៅពីខេត្តព្រៃវែង ដែលបានចូលទៅទស្សនាតំបន់ រម្មណីយ៍ដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រាបានប្រាប់អ្នកយកព័ត៍មានវិទ្យុជាតិកម្ពុជាអោយបានដឹងថា ខេត្តមណ្ឌលគិរីគឺជាស្ថានសួគ៌ធម្មជាតិដ៏ល្អប្រណិត ដែលបានធ្វើឲ្យភ្ញៀវទេសចរគ្រប់រូបរំសាយអស់ទុក្ខកង្វល់ហើយនាំមកនូវអារម្មណ៍ដ៏សែនសប្បាយរីករាយ។
អ្នកស្រីបានបញ្ជាក់ថា ព្រៃឈើធំៗជាមួយនឹងទិដ្ឋភាពទឹកធ្លាក់ដ៏ស្រស់ស្អាតហើយមានអនាម័យបរិស្ថានដ៏ល្អផងនោះគឺជាភាពទាក់ទាញភ្ញៀវទេសចរឲ្យទៅលំហែលកំសាន្តនៅខេត្ត មណ្ឋលគិរីកាន់តែច្រើនបន្ថែមទៀត។
ខ្ញុំមានអារម្មណ៍រំភើប បានជួបជុំគ្នាហើយមានមនុស្សច្រើន សប្បាយចិត្ត ស្អាតណាស់ទឹកជ្រោះធ្លាក់មើលទីនេះស្អាត។ ពេលយើងហូបហើយយើងយកសំរាមដាក់ស្បោង យកទៅចោលនៅធុងសំរាម អោយភ្ញៀវទេសចរចូលមកកាន់តែច្រើនវាស្អាត។
ស្រដៀងគ្នានេះដែរភ្ញៀវទេសចរម្នាក់ទៀតឈ្មោះ ឌឹប ឡុកឌី ទៅពីរាជធានីភ្នំពេញ ក៏បាន អោយដឹងដែរថា មណ្ឌលគិរីជាតំបន់កំសាន្តដែលមានធម្មជាតិសំបូរបែប មានទឹកជ្រោះធម្មជាតិដ៏ល្អស្អាតដែលផ្តល់នូវអារម្មណ៍ដ៏សប្បាយពិសេសនៅរដូវភ្លៀងធ្លាក់នេះដែលធ្វើអោយធម្មជាតិកាន់តែមានភាពខៀវស្រងាត់ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ។
សម្លេង: សម្រាប់ខ្ញុំមានអារម្មណ៍រំភើបណាស់ អត់ដែលបានមកទេ ហើយគឺជាលើកទីមួយ។ ឃើញលក្ខណៈស្រស់ស្អាតមានច្រើនទីមួយទឹកជ្រោះធ្លាក់ ទី២គឺធម្មជាតិគឺថាស្រស់តែម្តងខែនេះ ព្រោះថាខែនេះភ្លៀវច្រើន អញ្ចឹងស្រស់ស្អាត។
លោក វ៉ា នៅ អ្នកគ្រប់គ្រងខាងខ្សែរ៉តក្នុងតំបន់រម្មណីយ៍ដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា បានមានប្រសាសន៍អោយដឹងថា តំបន់រម្មណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រាគឺជាគោលដៅ ទេសចរណ៍ដ៏ស្រស់ស្អាតទី១ប្រចាំខេត្តមណ្ឌលគិរី ដោយសារតែងមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តមិនចេះដាច់ទំាងថ្ងៃបុណ្យនិងថ្ងៃធម្មតា។
លោកបន្តថា ក្រៅអំពីការងូតទឹកលេងកំសាន្តជាមួយនឹងទឹកជ្រោះដ៏ត្រជាក់ចិត្តហើយនោះ ភ្ញៀវទេសចរអាចជិះខ្សែរ៉តនិងដើរទស្សនាកម្សាន្តព្រៃព្រឹក្សានានាជាច្រើនទៀតផងដែរ។
លោកស្រី ខ្លឹប ធារី ដែលជាជនជាតិព្នងហើយប្រកបរបរ លក់វត្ថុអនុស្សាវរីយ៍នានានៅក្នុងតំបន់ទឹកជ្រោះបូស្រាក៏បានមានប្រសាសន៍ថា ភ្ញៀវចូលមកតំបន់ទឹកជ្រោះប៊ូស្រានេះកាន់តែមានកំណើនកើនឡើងជាប្រចាំ ហើយពួកគាត់ទទួលបាន ចំណូលជាច្រើនពីការបំរើសេវាកម្មទេសចរណ៍នៅតំបន់នេះ ដែលបានជួយលើកស្ទួយជីវភាពឲ្យកាន់តែប្រសើរឡើង។
សម្លេង:និយាយរួមពីដើមមកផ្លូវយ៉ាប់ឥឡូវផ្លូវស្រូលភ្ញៀមករហូតតិបឬច្រើនបានមួយរយអ្នកក្នុងមួយថ្ងៃបើថាថ្ងៃសៅរ៏អាទិត្យដឹងថាច្រើនតែម្តង ឥឡួខាងមុខៗមានតំបន់ទេសចរណ៏ដែរ ភ្នំឡាំលាក៏ស្អាតដែរ ពីមុនខ្ញុំលក់ព្រឹកមកត្រឹមម៉ោង១១ខ្ញុំទៅផ្ទះឥឡួវខ្ញុំលក់ពីម៉ោងប្រាំងពីរ រហូតដល់ម៉ោងប្រាំងបានខ្ញុំទៅផ្ទះព្រោះមនុស្សមកចេញចូលរាល់ថ្ងៃ តាំងពីខ្ញុំចាប់លក់មករៀងគ្រាន់បើបន្តិចព្រោះខ្ញុំមានលុយចិញ្ចឹមកូនបានរៀនសូត្របានធ្វើផ្ទះ។
គួរបញ្ជាក់ថាខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា សំបូរទៅដោយរមណីយដ្ឋានធម្មជាតិជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម ដោយបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលទៅទស្សនាកម្សាន្តចន្លោះពីជាង៣០០នាក់ ទៅ៥០០នាក់ជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង